អនុរដ្ឋមន្ត្រីការពារជនស៊ីវិលបូលីវី លោក ជូអាន ខាឡូស ខាលវីម៉ុនតេស (Juan Carlos Calvimontes) បាននិយាយកាលពីថ្ងៃអង្គារថា មនុស្សយ៉ាងហោចណាស់ ២០នាក់បានស្លាប់នៅក្នុងប្រទេសបូលីវីក្នុងរយៈពេលជាង ២ ខែ ដោយសារតែភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅក្នុងតំបន់ចំនួន៧ក្នុងចំណោមតំបន់៩ របស់ប្រទេស។

មន្ត្រីបាននិយាយនៅសន្និសីទសារព័ត៌មាន ថា ចន្លោះពីថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ ២០២៤ ភ្លៀងធ្លាក់ខ្លាំង ព្យុះទឹកកក និងអាកាសធាតុត្រជាក់ចុះ បានបំផ្លិចបំផ្លាញនៅក្នុងក្រុងចំនួន៤១ និង១៥៤ សហគមន៍ ក្នុងនោះតំបន់ខាងលិចទីក្រុង La Paz បានរងគ្រោះខ្លាំងជាងគេ ដោយទីក្រុងចំនួន ១៤ និង សហគមន៍ចំនួន ៦៣ បានរងផលប៉ះពាល់។

ជំនន់ទឹកភ្លៀងបានបង្ខំមានការជម្លៀសប្រជាជន ៩.០៧៥ គ្រួសារ ធ្វើឱ្យមនុស្ស ៤.០៩៧ នាក់គ្មានផ្ទះសម្បែង និងខូចខាតផ្ទះសម្បែងចំនួន ១៥៩ ខ្នង ក្នុងនោះ ៤៤ ខ្នងត្រូវបានបំផ្លាញទាំងស្រុង។
លោកបាននិយាយថា ខណៈរដ្ឋាភិបាលបានផ្តល់ជំនួយមនុស្សធម៌ចំនួន១៣១តោន តម្រូវការជាច្រើនទៀត នៅតែត្រូវការជាចាំបាច់ ដោយសារតែទំហំនៃគ្រោះមហន្តរាយនេះ។
លោក ខាលវីម៉ុនតេស (Calvimontes) បាននិយាយថា ស្ថានភាពនៅតែស្ថិតក្នុងសភាពធ្ងន់ធ្ងរ ដោយបន្ថែមថា តំបន់ចំនួន៨ត្រូវបានដាក់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់រហូតដល់ថ្ងៃទី ២៧ ខែមករា ពីហានិភ័យនៃទឹកទន្លេដែលកំពុងហៀរប្រៀបច្រាំងនៅឡើយ៕