សភារបស់ប្រទេសទួរគី បានផ្តល់សច្ចាប័នលើសំណើសមាជិកភាពអង្គការណាតូ របស់ប្រទេសស៊ុយអែត កាលពីថ្ងៃអង្គារ (២៣ មករា) ដោយបានជម្រះឧបសគ្គដ៏ធំបំផុតដែលនៅសេសសល់ក្នុងការពង្រីកសម្ព័ន្ធយោធាលោកខាងលិចមួយនេះ បន្ទាប់ពីការពន្យារពេល ២០ខែ។

មហាសន្និបាតរបស់ប្រទេសទួរគី ដែលសម្ព័ន្ធកាន់អំណាចរបស់លោកប្រធានាធិបតី ថាយីប អឺដូហ្គាន់ (Tayyip Erdogan) ទទួលបានសំឡេងភាគច្រើន បានបោះឆ្នោតគាំទ្រ ២៨៧សំឡេងទល់នឹងការប្រឆាំង ៥៥សំឡេង ដើម្បីអនុម័តលើពាក្យសុំដែលស៊ុយអែត បានធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ២០២២ ដើម្បីពង្រឹងសន្តិសុខរបស់ខ្លួនជាការឆ្លើយតបទៅនឹងការឈ្លានពានពេញលេញរបស់រុស្ស៊ី លើអ៊ុយក្រែន។

សមាជិកណាតូ ទាំងអស់ត្រូវយល់ព្រមលើពាក្យសុំពីប្រទេសដែលចង់ចូលរួមក្នុងសម្ព័ន្ធយោធានេះ។ នៅពេលដែលស៊ុយអែត និងហ្វាំងឡង់ បានស្នើសុំចូលរួមនៅឆ្នាំ២០២២ ទួរគីបានលើកឡើងពីការជំទាស់លើអ្វីដែលខ្លួនបាននិយាយថាជាការការពាររបស់ប្រទេសទាំងពីរនេះចំពោះក្រុមដែលខ្លួនចាត់ទុកថាជាក្រុមភេរវករ។

ទួរគីបានគាំទ្រសមាជិកភាពរបស់ប្រទេសហ្វាំងឡង់ កាលពីខែមេសា ឆ្នាំមុន ប៉ុន្តែបានរួមគ្នាជាមួយប្រទេសហុងគ្រី ដោយទុកឲ្យស៊ុយអែតនៅរង់ចាំ។
លោក អឺដូហ្គាន់ ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើច្បាប់អនុម័តសំណើសមាជិកភាពនេះក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត ដោយទុកឲ្យប្រទេសហុងគ្រី ដែលលោកនាយករដ្ឋមន្ត្រី វីកទ័រ អ័របាន (Viktor Orban) មានទំនាក់ទំនងមិត្តភាពជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) ជារដ្ឋសមាជិកតែមួយគត់ដែលមិនយល់ព្រមលើការចូលជាសមាជិករបស់ស៊ុយអែត៕