ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះលក់តេឡេកូមយីហោ មករា បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅជិតខាងរត់ប្រដេញគ្នាជញ្ជូនរបស់របរចេញពីក្នុងផ្ទះ តែសំណាងល្អមិនបង្កឲ្យមានមនុស្សរងរបួសឡើយ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៥និង ១៥នាទីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ចំណុចផ្ទះលក់តេឡេកូមផ្ទះលេខ៥០ ផ្លូវលេខ៤៣២ កែងផ្លូវលេខ១៦៣ ខាងមុខ និងខាងក្រោយផ្ទះលេខ៩៧, ៩៩ ផ្លូវ៤៤០ ម្ដុំផ្សារទួលទំពូង សង្កាត់ទូលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
នគរបាលបានឲ្យដឹងថា ម្ចាស់ផ្ទះលក់តេឡេកូមយីហោ មករា នោះឈ្មោះ សៀន សេរីរតនា អាយុ ៣៣ឆ្នាំស្នាក់នៅផ្ទះកើតហេតុផ្ទះលេខ៥០ ផ្លូវលេខ៤៣២ កែងផ្លូវលេខ១៦៣ ម្ដុំផ្សារទួលទំពូង សង្កាត់ទូលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅមុនពេលកើតហេតុឃើញម្ចាស់ផ្ទះនៅលក់ដូរធម្មតា ក៏ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះចេញពីផ្ទះបាយខាងក្រោយ និងផ្សែងខ្មៅហុយទ្រលោមចេញមកខាងក្រៅតែម្តង។ ភ្លាមៗស្រាប់តែអណ្ដាតភ្លើងខ្មួលឡើងតែម្ដង ខណៈនោះប្រជាពលរដ្ឋរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ទាក់ទងទៅកម្លាំងនគរបាលការិយាល័យជំនាញ បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយសារតែសម្ភារៈក្នុងផ្ទះស្តុកជាគ្រឿងជ័រ ដូច្នេះជាហេតុបង្កអោយមានការឆាបឆេះលឿនមិនងាយគ្រប់គ្រងបានឡើយ និងខូចខាតសម្ភារៈឆេះអស់ច្រើនគួរសម និងម្ចាស់ទីតាំងរត់ជញ្ជូនរបស់ចេញបានច្រើនផងដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាម លោកក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យជាច្រើនគ្រឿងមកជួយអន្តរាគមន៍ ជៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។ ក្រោយបាញ់ពន្លត់ នគរបាលជំនាញបានអោយដឹងថា មូលហេតុកើតឡើងដោយឆ្លងចរន្តអគ្គិសនី រថយន្តពន្លត់អគ្គិភ័យមកដល់ទីតាំងកើតហេតុចំនួន ១៩គ្រឿង និងប្រើប្រាស់ទឹកអស់ ១៥០គូបទើបរលត់ជាស្ថាពររយៈពេលជាង ១ម៉ោង ផលលំបាកនៃការជួយបាញ់ពន្លត់ឲ្យបានទាន់ពេលវេលា ដោយសម្ភារៈស្តុកក្នុងផ្ទះជាគ្រឿងជ័រ និងទីតាំងក្នុងផ្ទះចង្អៀត៕
អត្ថបទ៖ កុម្ភៈ


