ចាប់ពីថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៩ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ដែលបានបង្កើតនូវបញ្ជាការដ្ឋានកងទ័ពជើងគោក ខណៈ២៥កន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពជើងគោកបានចូលរួមចំណែកយ៉ាងខ្លាំងក្លា ក្នុងកិច្ចការពារនូវ អធិបតេយ្យ បូរណភាពទឹកដី ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារសុខសន្តិភាពជូនបងប្អូនប្រជាពលរដ្ឋ ជួយពលរដ្ឋរងគ្រោះពីគ្រោះមហន្តរាយនានា និងបន្តរក្សានូវចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយបណ្តាប្រទេសជិតខាងល្អ និងជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកជាដើម។
កងទ័ពជើងគោក គឺជាប្រភពមួយនៃកងយោធពលខេមរភូមិន្ទ ដែលមានប្រភពចេញពីការតស៊ូរខ្មែរឥស្សរ កងជីវពល និងចលនាប្រដាប់អាវុធប្រឆាំងនឹងអាណានិគមនិយមបារាំង។ ឆ្លងកាត់ដំណាក់កាលបន្តបន្ទាប់កងទ័ពជើងគោកបានបំពេញតួនាទីជាប្រវត្តិសាស្រ្ត ដោយចាប់ផ្តើមពីការសម្រេចបាននូវសត្ថភាព ការពារជាតិដោយខ្លួនឯងផ្ទាល់ បន្ទាប់ពីការផ្ទេរសមត្ថកិច្ចអាណានិគមមកឲ្យខ្មែរវិញតាមអនុសញ្ញាយោធាបារាំង និងខ្មែរ ចាប់តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៤៦មក។
ចាប់តាំងពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៥៣ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៥៤ រយៈពេលនៃការបញ្ចប់របប អាណានិគមនៅលើទឹកដីឥណ្ឌូចិន ដែលពេលនោះកងទ័ពជើងគោក ដែលបានបំពេញភារកិច្ចយ៉ាងធំធេងក្នុងចលនាទាមទារឯករាជ្យ ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំរបស់ព្រះករុណា ព្រះនរោត្តម ព្រះសីហនុ អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ បានធ្វើឲ្យកម្ពុជាឯករាជ្យពេញបរិបូរណ៍ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ហើយថ្ងៃនោះក៏ជាថ្ងៃកំណើតរបស់កងយោធពលខេមរភូមិន្ទផងដែរ។
ចាប់តាំងពីពេលនោះមក ដោយមានរបបនៃការផ្លាស់ប្តូរនយោបាយ និងឆ្លងកាត់សង្រ្គាមជាច្រើន ជំនាន់កងទ័ពជើងគោក ដែលជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ ត្រូវបានរៀបចំបង្កើតបន្ថែមកាត់បន្ថយកែសម្រួល និងប្តូរឈ្មោះជាបន្តបន្ទាប់ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញភារកិច្ច ការពារ អធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ កម្ពុជាបានបង្រួបបង្រួមផ្សះផ្សាជាតិបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃ គ្រប់ភាគីជម្លោះបានចូលតុចចាររកដំណោះស្រាយមួយដ៏ត្រឹមត្រូវ ដោយមានការជួយជ្រោមជ្រែងពីអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ ដែលហៅកាត់អ៊ុនតាក់ បានរៀបចំធ្វើការបោះឆ្នោតនៅកម្ពុជា ហើយនៅថ្ងៃ២៣ ខែឧសភា ឆ្នាំ១៩៩៣ កម្ពុជាបានឈានដល់ការ បង្កើតជាផ្លូវការនូវរាជរដ្ឋាភិបាលអាណត្តិទី១ ប្រកបដោយជោគជ័យ។
បន្ទាប់មកក្នុងរយៈពេលដ៏ខ្លីក្រសួងការពារជាតិ និងអគ្គសេនាធិការកងទ័ពជើងគោកកម្ពុជា បាន ចាប់កំណើតឡើង ការកសាងឡើងវិញនូវកងយោធពលខេមរភូមិន្ទ ក្រោយពីការបោះឆ្នោតឆ្នាំ១៩៩៣ តាមរូបមន្ត ដែលបានព្រមព្រៀងដោយទទួលបានការច្របាច់បញ្ចូលគ្នាកងទ័ពបីភាគី គឺភាគីកងទ័ពរដ្ឋកម្ពុជា ភាគីហ៊្វុនស៊ិនប៉ិច និងភាគីរណសិរ្ស៍ជាតិរំដោះប្រជាពលរដ្ឋខ្មែរ។ ក្រោយពេលបេសកកម្មរបស់អង្គ ការសហប្រជាជាតិ(អ៊ុនតាក់)បានបញ្ចប់ ដោយបានដកចេញពីកម្ពុជា បានបន្សល់ទុកកម្លាំងកម្ពុជា ប្រជា ធិបតេយ្យក្រៅច្បាប់ ហើយសង្រ្គាមផ្ទៃក្នុង បែងចែកទឹកដីនៅតែបន្ត។ ដោយឃើញថាវិបត្តិដ៏រ៉ាំរ៉ៃ នៅក្នុង សង្គមកម្ពុជាពុំអាចដោះស្រាយបាន ដោយការប្រឈមមុខដាក់គ្នាផ្នែកកម្លាំងប្រដាប់អាវុធ និងដើម្បីបញ្ចប់ ជាស្ថាពរនូវទុក្ខវេទនារបស់ប្រជាពលរដ្ឋ ដែលបានកើតមានជាច្រើនទសវត្សន៍កន្លងមកនោះ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយឈ្នះ ឈ្នះ បានធ្វើឲ្យរលំរលាយទាំងស្រុងនូវអង្គការចាត់តាំងនយោបាយ និងយោធារបស់ពួកខ្មែរក្រហម ហើយបាន ធ្វើឲ្យប្រទេសកម្ពុជាទទួលសុខសន្តិភាពពេញបរិបូរណ៍ចាប់តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨រហូតដល់សព្វ ថ្ងៃនេះ។
ឆ្លើយតបទៅនឹងដំណាក់កាលដែលកម្ពុជា ទទួលបាននូវសុខសន្តិភាពពេញលេញនៅទូទាំងប្រ ទេស ការកែសម្រួលតួនាទីភារកិច្ច និងរចនាសម្ព័ន្ធចាត់តាំងកងទ័ព ស្របតាមផែនការកែទម្រង់របស់កងយោធពលខេមរភូមិន្ទ នៅពេលនោះបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បាន បង្កើតឡើងដោយបានផ្តាច់ចេញពីអគ្គសេនាធិការនៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៩ ហើយបញ្ជាការដ្ឋាន កងទ័ពជើងគោក បានដឹកនាំបញ្ជាកងទ័ពជើងគោកចាប់តាំងពីពេលនោះមក។
ក្នុងដំណាក់កាលនោះឯកឧត្តម មាស សុភា ត្រូវបានព្រះមហាក្សត្រ ប្រមុខរាជរដ្ឋាភិបាល តែងតាងជាអគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ មានឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ ផ្កាយមាសបួន ដែលមកដល់ពេលនេះមានអាយុកាល២៥ឆ្នាំហើយ ហើយកងទ័ព ជើងគោកនៃកងយោធពលខេរភូមិន្ទ មានភារកិច្ចការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី និង ការពារផលប្រយោជន៍ជាយុទ្ធសាស្រ្តរបស់ប្រទេសជាតិ ចូលរួមថែរក្សាស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់ សង្គម និងសន្តិភាព និងចូលរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ចូលរួមកសាង និងអភិវឌ្ឍ ប្រទេសជាតិ ព្រមទាំងត្រៀមលក្ខណៈជួយសង្រ្គោះប្រជាពលរដ្ឋ ពេលមានគ្រោះមហន្តរាយផ្សេងៗ ជាដើម។
ក្នុងពេលការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកដំបូងនាថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៩ កងទ័ព
ជើងគោកមានអង្គភាពចំណុះច្រើនរហូតដល់១៨កងពលធំ ៥កងពលតូច និង៤វារៈសេនាធំ ៤វារៈសេនា តូច។ ប៉ុន្តែកងទ័ពជើងគោកបានធ្វើការកែទម្រង់ និងបានកែសម្រួលអង្គភាពនៅត្រឹម៨កងពលតូច និង១ វាៈសេនាធំ នៅក្នុងកំឡុងចាប់តាំងពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១៦។ ក្រៅពីបង្រួមក្បាលអង្គភាព និងមានការបង្កើតអង្គភាពថ្មីមួយចំនួនថែមទៀត ដូចជាកងអង្គភាពការពារព្រំដែន វារៈសេនាតូចព្រំដែន កងអនុសេនាធំជាប់ព្រំដែន និងការកែសម្រួលតួនាទីភារកិច្ច ប្តូរឈ្មោះដល់អង្គភាព និងស្ថាប័នជំនាញមួយចំនួនជាបន្តបន្ទាប់ផងដែរ។
នៅឆ្នាំ២០១៨កងទ័ពជើងគោក មានស្ថាប័នអង្គភាពចំណុះផ្ទាល់ បញ្ជាការដ្ឋានកងទ័ពជើងគោក រួមមាន១៥ការិយាល័យ ៥បញ្ជាការដ្ឋានជំនាញ ១មជ្ឈមណ្ឌល និងមានមណ្ឌលអភិវឌ្ឍចំនួន១។ កងទ័ពជើងគោកក៏មានភារកិច្ចគ្រប់គ្រង ដឹកនាំបញ្ជា៦យោធភូមិភាគ ២កងពលធំអន្តរាគមន៍ ៥កងពលតូចអន្តរាគមន៍ ៦កងពលតូច ២៤តំបន់ប្រតិបត្តិការសឹករងខេត្ត-ក្រុង ១វារៈសេនាធំ ៦សាលាពលទាហាន និង៧កងការពារព្រំដែន។
ឆ្លងកាត់ការបំពេញតួនាទីភារកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានជួបនឹងការប្រឈមជាប្រវត្តិសាស្រ្តជាច្រើននាពេលកន្លងមក។ បញ្ហាប្រឈម ដែលប្រកបទៅដោយបទពិសោធន៍ជាក់ស្តែង សម្រាប់ភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដីបានធ្វើ ឲ្យកងទ័ពជើងគោកកាន់តែពង្រឹងបាននូវភាពជាម្ចាស់ការប្រកបដោយស្មារតីការពារជាតិជ្រាលជ្រៅ មានឆន្ទះមុះមុត ក្នុងការរក្សាឲ្យបាននូវសន្តិភាព និងស្ថិរភាពនយោបាយក្នុងប្រទេស និងបន្តរក្សានូវចំណង មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយបណ្តាប្រទេសជិតខាងល្អ និងជាមួយ បណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។
ក្នុងន័យនេះកងទ័ពជើងគោក ដែលមានគ្រប់បណ្តាផ្នែក គ្រប់ថ្នាក់អង្គភាពស្ថាប័នគ្រប់ជំនាញ គ្រប់យោធភូមិភាគ និងគ្រប់ប្រតិបត្តិការសឹករងខេត្ត បន្តខិតខំពង្រឹង ប្រៀបការពារជាតិនៅតាមព្រំដែន និងនៅផ្ទៃក្នុងប្រទេសបន្តធ្វើការកែទម្រង់កងទ័ព ឲ្យមានទាំងបរិមាណ និងគុណភាព ពង្រឹងតួនាទីរបស់កងឯកភាពទ័ពថ្មើរជើង និងជំនាញដោយធ្វើឲ្យប្រសើរឡើងប្រព័ន្ធដឹកនាំ បញ្ជាការដ្ឋានកងទ័ពជើងគោក យោធភូមិភាគ កម្លាំងអន្តរាគមន៍ និងកម្លាំងជូរមុខជាដើម។
ឈានចូលមកដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀត របស់ កងទ័ពជើងគោក ក្នុងការចូលរួមអនុវត្តផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ ដោយឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បច្ចុប្បន្នជានាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានព្រះមហាក្សត្រ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតាំងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ហើយទន្ទឹមនឹងនេះ ដែរក្រសួងការពារជាតិបានសម្រេចធ្វើការកែសម្រួលអង្គភាពចំនួន៦រួមមានកងពលធំអន្តរាគមន៍លេខ២ កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ១ កងពលតូចថ្មើរជើងលេខ៧០ កងពលតូច ទ័ពពិសេសឆត្រយោងលេខ៩១១ និងកងពលតូចដឹកជញ្ជូនលេខ៩០ ដែលពីមុនស្ថិតនៅក្នុងការដឹកនាំ បញ្ជារបស់អគ្គបញ្ជាការកងយោធពលខេរភូមិន្ទ ត្រូវបានផ្ទេរឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់បញ្ជាការ ដ្ឋានកងទ័ពជើងគោកវិញ។
ឈានចូលមកដំណាក់កាលថ្មីនេះ កងទ័ពជើងគោកត្រូវបានបែងចែកភារកិច្ច និងលើកកម្ពស់តួនា ទីដឹកនាំ បញ្ជាឲ្យកាន់តែមានប្រសិទ្ធភាព បន្តលើកកម្ពស់សមត្ថភាពយោធិន តាមរយៈការបណ្តុះបណ្តាល ហ្វឹកហ្វឺនរៀនសូត្រ អប់រំដល់កងទ័ពឲ្យយល់ជ្រួតជ្រាបអំពីគោលនយោបាយយុទ្ធសាស្រ្តចតុកោណ រហូតដល់បច្ចកោណរបស់រាជរដ្ឋាភិបាល ច្បាប់លក្ខន្តិកៈ បទវិន័យទូទៅនៃកងយោធពលខេមរភូមិន្ទ ពិសេសអប់រំលើកកម្ពស់មនសិការស្នេហាជាតិ ដល់កងទ័ពត្រៀមលក្ខណៈរាល់មធ្យោបាយ សម្ភារសឹកដើម្បីត្រៀមជួយសង្រ្គោះប្រជាពល រដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ និងបន្តខិតខំចូលរួមចំណែកកសាងស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់ តែមានភាពរីកចម្រើនបន្ថែមទៀត។
មកដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចតែងតាំងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទរហូតដល់បច្ចុប្បន្ននេះ។ បើគិតត្រឹមថ្ងៃទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ បញ្ជាការដ្ឋានកងទ័ពជើងគោកគឺមានរយៈកាល២៥ឆ្នាំហើយ ពោលគឺថ្ងៃទី(២៤ ខែមករា ១៩៩៩-២៤មករា ២០២៤)៕ អត្ថបទ៖ បាន ចក់