ពោធិ៍សាត់÷ ផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ មានពីរកំណាត់ ប្រវែងសរុប ៧ ១០០ ម៉ែត្រ ដែលបញ្ចប់ជាស្ថាពរនៃរយៈពេលធានាសុពលភាព ដោយផ្លូវនេះបានកំពុងសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលផ្សេងៗ ជាពិសេសអតីតយុទ្ធជនរាប់រយគ្រួសារ ដែលរស់នៅ មជ្ឈមណ្ឌលដី សម្បទានសង្គមកិច្ច ស្ថិតនៅក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម នៅថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៤ នេះ បានដឹកនាំប្រតិភូអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃប្រគល់-ទទួលបញ្ចប់ជាស្ថាពររយៈពេលធានាសុពលភាព ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ ខ្សែ មានពីរកំណាត់ ប្រវែងសរុប ៧ ១០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ, សាងសង់ទំនប់បង្ហៀរមានបង្កប់លូមូលមុខ ១០ ចំនួន ១ កន្លែង ប្រវែង ៥០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ និងរៀបចំថ្មសងខាង, សាងសង់លូ ប្រអប់មុខបីចំនួន ២ កន្លែង, លូប្រអប់មុខពីរចំនួន ៣ កន្លែង, លូមូលមុខពីរចំនួន ៤ កន្លែង, លូមូលមុខមួយ ចំនួន ៧ កន្លែង, និងផ្លាក ឈ្មោះផ្លូវចំនួន ៣ កន្លែង ស្ថិតក្នុងមជ្ឈមណ្ឌលដីសម្បទានសង្គមកិច្ច ត្រង់ចំណុចដំណាក់ត្រយ៉ង ភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
បន្ទាប់ពីបានចុះត្រួតពិនិត្យជាក់ស្ដែង គណៈប្រតិភូអន្តរក្រសួង រួមទាំងនាយកដ្ឋានជាមន្ត្រីត្រួតពិនិត្យបច្ចេកទេសរបស់ក្រសួង អភិវឌ្ឍន៍ជនបទ បានធ្វើការប្រជុំបូកសរុបវាយតម្លៃលើលទ្ធផលការងារស្ថាបនាផ្លូវ ក្នុងនោះគណៈកម្មការឯកភាពទទួលយកលទ្ធផល នៃ ការអនុវត្តការងាររបស់កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប បញ្ចប់សុពលភាពការងារដោយរក្សាបានគុណភាព និងសោភ័ណភាពល្អ។
ជុំវិញគម្រោងខាងលើនេះ, ឯកឧត្តមបណ្ឌិត សំណូមពរអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ដែលមាននាទីទទួលបន្ទុកថែទាំបន្ត សហការ ណែនាំឱ្យប្រជាពលរដ្ឋចូលរួមក្នុងការថែទាំផ្លូវ ទំនប់បង្ហូរ និងលូខាងលើឱ្យបានល្អប្រសើរ ប្រកបដោយគុណភាព ត្រូវមានការយាមកាម យ៉ាងហ្មត់ចត់ ដើម្បីរក្សាគុណភាពផ្លូវ ទំនប់បង្ហូរ និងលូឲ្យបានគង់វង្សយូរអង្វែង ដោយត្រូវចាត់ទុកផ្លូវ ទំនប់បង្ហូរ និងលូទំាងនោះជារបស់ ពួកគាត់ ។ ឯកឧត្តមបណ្ឌិត បន្ថែមថា ផ្លូវមានសារៈសំខាន់ណាស់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ផ្សេងៗ ជាពិសេសគ្រួសារអតីតយុទ្ធជនដែលរស់នៅតំបន់ខាងលើនេះរាប់រយគ្រួសារ ៕ ដោយ ÷ រ៉ាឌី









