ភ្នំពេញ៖ ដើម្បីលើកស្ទួយវិស័យកសិកម្មឱ្យកាន់តែរីកចម្រើនថែមទៀត រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសបើកទ្វារស្វាគមន៍ចំពោះការសហការដ៏ស្មោះត្រង់ពីសំណាក់ដៃគូអភិវឌ្ឍ និងវិស័យឯកជន ក្នុងការគាំទ្រជំរុញ និងវិនិយោគលើខ្សែច្រវាក់ផលិតកម្មផលិតផលកសិកម្ម ពិសេសការកែច្នៃប្រកបដោយគុណភាពសម្រាប់បម្រើដល់ការនាំចេញ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងជំនួបការងារជាមួយ លោកជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល នៅថ្ងៃទី២៣ មករា ឆ្នាំ២០២៤កន្លងទៅ បានមានប្រសាសន៍ថា គោលដៅរបស់ក្រសួង គឺធ្វើយ៉ាងណាឱ្យកសិករមានផលចំណេញសេដ្ឋកិច្ច និងទទួលបានតម្លៃបន្ថែមខ្ពស់។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងការពេញចិត្តចំពោះកម្មវិធីអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធីហាត់ការ នៅអ៊ីស្រាអែល ដែលពង្រឹងសមត្ថភាពជំនាញកសិកម្មរបស់និស្សិតខ្មែរ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនភ្ញៀវ អំពីគោលនយោបាយរបស់ក្រសួងកសិកម្ម ដែលរួមមានការធានាសន្តិសុខស្បៀង និងការរក្សានិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន តាមរយៈការបង្កើតសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមមូលដ្ឋាន ដើម្បីគាំទ្រកសិករទាំងបច្ចេកទេស ទីផ្សារ និងសម្របសម្រួលដោះស្រាយប្រឈមផ្សេងៗ ព្រមទាំងធ្វើឱ្យប្រសើរឡើងក្នុងខ្សែច្រវាក់ផ្គត់ផ្គង់និងច្រវាក់តម្លៃ ជាពិសេសការកាត់បន្ថយថ្លៃដើមផលិត រក្សាស្ថិរភាពតម្លៃ និងទទួលបានតម្លៃបន្ថែមខ្ពស់។លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីតម្រូវការក្នុងការអភិវឌ្ឍសមត្ថភាពភាសាអង់គ្លេស និងកុំព្យូទ័រដល់និស្សិតខ្មែរផងដែរ៕


