កន្លងទៅថ្មីៗនេះ មានការចែកចាយនូវវីដេអូឃ្លីបមួយ បង្កឱ្យមានការយល់ច្រឡំថា មានរថភ្លើងរត់នៅលើតួផ្លូវជាតិលេខ៣១ ផ្ទាល់ ដែលធ្វើឱ្យមានការលើកឡើងជាសាធារណៈនូវការវិភាគក្នុងទិដ្ឋភាពផ្សេងៗគ្នា។ ក្រសួងសាធារណការ និងដឹកជញ្ជូន តបបញ្ជាក់ថា ផ្លូវដែកនៅក្នុងវីដេអូឃ្លីបនោះ ជាផ្លូវដែកភាគខាងត្បូង ដែលមានផ្នែកខ្លះបានរត់កាត់ផ្លូវជាតិលេខ៣១ ពោលគឺ រថភ្លើងមិនមែនរត់នៅលើផ្លូវថ្នល់ផ្ទាល់នោះឡើយ។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានធ្វើការក្រើនរម្លឹកដល់អ្នកបើកបរទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវថ្នល់ ដែលមានផ្លូវដែកឆ្លងកាត់ ត្រូវមានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ដូចខាងក្រោម៖
- ត្រូវបន្ថយល្បឿននៅពេលជិតដល់ទីតាំងដែលមានផ្លូវរថភ្លើងឆ្លងកាត់
- មិនត្រូវបើកបរកាត់ផ្លូវរថភ្លើង ខណៈដែលរបាំង បានបិទ កំពុងបិទ ឬកំពុងបើក នោះឡើយ
- ត្រូវឈប់យ៉ាងតិច ២ម៉ែត្រ ពីរបារ ឬរបាំង
- ត្រូវគោរព និងស្តាប់តាមការណែនាំរបស់ឆ្មាំផ្លូវរថភ្លើង
- និងត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន។
សូមជម្រាបជូនថា បច្ចុប្បន្នផ្លូវជាតិលេខ៣១ ដែលមានប្រវែងសរុបជិត ៥៤គីឡូម៉ែត្រ ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ ទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ទៅផ្លូវជាតិលេខ៣៣ កំពុងដំណើរការស្តារ និងលើកកម្រិតគុណភាព បន្ទាប់ពីបើកការដ្ឋានកាលពីខែធ្នូ ឆ្នាំ២០២២ កន្លងទៅ និងគ្រោងបញ្ចប់នៅកំឡុងឆមាសទី២ ឆ្នាំ២០២៤ ខាងមុខនេះ។ ក្នុងដំណាក់កាលនៃការស្ថាបនានេះ សូមបងប្អូនប្រជាពលរដ្ឋ មានការយោគយល់អធ្យាស្រ័យ ចំពោះការរំខានដោយប្រការណាមួយ និងបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នាក្នុងពេលធ្វើដំណើរ៕