មនុស្ស ១០នាក់បានស្លាប់ ហើយអ្នកនៅរស់រានមានជីវិតតែម្នាក់ បានរងការរលាកធ្ងន់ធ្ងរនៅក្នុងការធ្លាក់យន្តហោះខ្នាតតូច ប៊ីអេអ៊ី ជេតស្រ្ទីម (BAE Jetstream) ដែលមាន ១៩កៅអី នៅព្រឹកថ្ងៃអង្គារ (២៣ មករា) នៅភាគខាងជើងប្រទេសកាណាដា។
យន្តហោះ BAE Jetstream ១៩កៅអី ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ ណសវេស អ៊ែរលៀស (Northwestern Air Lease) នោះបានធ្លាក់ភ្លាមៗបន្ទាប់ពីការហោះហើរពីទីក្រុង ហ្វត ស្មីត (Fort Smith) នៅភាគអាគ្នេយ៍នៃដែនដី ណសវេស (Northwest Territories)។
មន្ទីរពេទ្យក្នុងតំបន់បានផ្តួចផ្តើមឱ្យមានការឆ្លើយតបចំពោះជនរងគ្រោះដ៏ច្រើន ប៉ុន្តែបានឈប់ទៅវិញនៅពេលដែលព័ត៌មានលម្អិតនៃសោកនាដកម្មត្រូវបានបញ្ជាក់។ មានអ្នកដំណើរ ៩នាក់ និងនាវិក ២នាក់ នៅលើយន្តហោះនោះ។ គេមិនទាន់ដឹងភ្លាមៗថា តើអ្នកនៅរស់រានមានជីវិតនោះជាអ្នកបើកយន្តហោះ ឬជាអ្នកដំណើរនោះទេ។ បុគ្គលិករុករក និងជួយសង្គ្រោះយោធាបានលោតឆ័ត្រយោងចុះទៅកាន់កន្លែងកើតហេតុនោះនៅរសៀលថ្ងៃអង្គារ (២៣ មករា)។
អាជ្ញាធរសេវាសុខភាព និងសង្គមនៃដែនដីណសវេស នៅភូមិ ហ្វតស្មីត នៃដែនដីនេះ បាននិយាយថា ខ្លួនបានបើកដំណើរការប្រតិបត្តិការ នៃគ្រោះថ្នាក់ដ៏ធំរបស់ខ្លួនបន្ទាប់ពីការធ្លាក់នៅពេលព្រឹក។ ក្រុមប្រឹក្សាសុវត្ថិភាពរបស់ប្រទេសកាណាដា កំពុងបញ្ជូនអ្នកស៊ើបអង្កេតទៅកាន់ដែនដីណសវេស ដើម្បីស៊ើបអង្កេតលើការធ្លាក់យន្តហោះនេះ៕