អឺរ៉ុប៖ ក្ដីបារម្ភកំពុងកើនឡើងខ្លាំងនៅក្នុងសហភាពអឺរ៉ុប ដែលថាការសម្រេចចិត្តរបស់រដ្ឋមួយចំនួនក្នុងការបន្ធូរបន្ថយវិធានការពាក់ម៉ាស់ នឹងនាំឲ្យមានការឆ្លងរាលដាលនៃវីរុសកូរ៉ូណាបម្លែងខ្លួនថ្មី Delta។ វីរុសដ៏កាចសាហាវនេះត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា។

ប្រទេសបារាំង និងអេស្ប៉ាញបានដកវិធានការពាក់ម៉ាស់ចាំបាច់នៅទីសាធារណៈ ដោយប្រកាន់ភ្ជាប់លក្ខខ័ណ្ឌមួយចំនួន។ នៅក្នុងប្រទេសអ៊ីតាលីវិញ វិធានការតម្រូវឲ្យពាក់ម៉ាស់ជាកាតព្វកិច្ចនឹងលែងមានទៀតចាប់ពីថ្ងៃនេះតទៅ។ នៅក្នុងរដ្ឋធានី Madrid ប្រទេសអេស្ប៉ាញ គេមើលឃើញមនុស្សមួយចំនួនដើរ ដោយពុំពាក់ម៉ាស់កាលពីចុងសប្ដាហ៍កន្លងទៅ។ប៉ុន្តែមនុស្សភាគច្រើននៅតែបន្តពាក់ម៉ាស់ ដោយសារបារម្ភពីការឆ្លងវីរុសបម្លែងខ្លួនថ្មី។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហភាពអឺរ៉ុបបាននិយាយថា វីរុសបម្លែងខ្លួនថ្មី Delta មានសមត្ថភាពចន្លោះពី ៤០ ទៅ ៦០% ឆ្លងលឿនជាងវីរុសបម្លែងខ្លួនថ្មី Alpha ដែលត្រូវគេរកឃើញដំបូងនៅក្នុងចក្រភពអង់គ្លេស។
មជ្ឈមណ្ឌលនេះធ្លាប់បានព្យាករណ៍ថា វីរុសបម្លែងខ្លួនថ្មី Delta នឹងឡើងដល់ ៩០% នៃករណីឆ្លងថ្មីនៅក្នុងសហភាពអឺរ៉ុបនៅដំណាច់ខែសីហា។ ប្រធានមជ្ឈមណ្ឌលនេះលោកស្រី Andrea Ammon បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា វីរុសបម្លែងខ្លួននេះអាចឆ្លងទៅបុគ្គលដែលទើបចាក់វ៉ាក់សាំងបានតែមួយដូស។ លោកស្រីបន្ថែមថា វីរុសបម្លែងខ្លួនថ្មី Delta នេះទំនងនឹងឆ្លងរាលដាលខ្លាំងអំឡុងរដូវក្ដៅ ជាពិសេសក្នុងចំណោមយុវជនដែលមិនមែនជាគោលដៅត្រូវចាក់វ៉ាក់សាំង៕
អត្ថបទ៖ សុខមាន