ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៨នាក់បានរងរបួស បន្ទាប់ពីយន្តហោះយោធាមីយ៉ាន់ម៉ា ដែលត្រូវបានគេសន្មត់ថានឹងហោះហើរដឹកទាហានរាប់សិបនាក់ ដែលភៀសខ្លួនចេញពីជម្លោះត្រឡប់ទៅប្រទេសវិញ បានធ្លាក់ពីលើផ្លូវរត់នៃអាកាសយានដ្ឋាននៅភាគឦសានប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារ (២៣ មករា)។

នគរបាល និងក្រុមមន្ត្រីយោធាឥណ្ឌាបាននិយាយថា អ្នករងរបួសនោះស្ថិតក្នុងចំណោមមនុស្ស ១៤នាក់នៅលើយន្តហោះ ដែលកំពុងធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន ឡេងភួយ (Lengpui) នៃរដ្ឋ មីហ្ស៊ូរ៉ាម (Mizoram) ដើម្បីនាំយកទាហានដែលបានរត់ចូលប្រទេសឥណ្ឌា កាលពីសប្តាហ៍មុនត្រឡប់ទៅមីយាន់ម៉ាវិញ។

ទាហានមីយ៉ាន់ម៉ាជិត ៧០០នាក់ បានឆ្លងចូលទៅក្នុងភាគឦសាននៃប្រទេសឥណ្ឌា ក្នុងរយៈពេល ២ខែចុងក្រោយនេះ បន្ទាប់ពីក្រុមប្រឆាំងរបបយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគាំទ្រដោយរដ្ឋាភិបាលគាំទ្រលទ្ធិប្រជាធិបតេយ្យ បានដណ្តើមកាន់កាប់ទីតាំងយោធា និងទីប្រជុំជនជាច្រើននៅជិតព្រំដែនរបស់ខ្លួន។

ចាប់តាំងពីមានរដ្ឋប្រហារនៅមីយ៉ាន់ម៉ា ក្នុងឆ្នាំ២០២១ មក ជនស៊ីវិល និងកងទ័ពរាប់រយនាក់បានភៀសខ្លួនទៅកាន់រដ្ឋឥណ្ឌា ជាទីដែលសហគមន៍រវាងប្រទេសទាំងពីរមានទំនាក់ទំនងជនជាតិភាគតិច និងគ្រួសារ។ នេះបានធ្វើឱ្យទីក្រុងញូវដែលី ព្រួយបារម្ភយ៉ាងខ្លាំងដោយសារតែហានិភ័យនៃភាពតានតឹងរីករាលដាលដល់ប្រទេសឥណ្ឌា៕