ភ្នំពេញ÷ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាឯកឧត្តម ចាស្ទីន វ៉ាយអេត បានសម្តែងការគាំទ្រការមកទទួលបានសេវាថែទាំសុខភាពផ្លូវភេទ និងសុខភាពបន្តពូជគ្រប់ជ្រុង ជ្រោយនៅគ្លីនិកអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាបន្ទាប់ពីបានធ្វើ ទស្សនកិច្ចនៅគ្លីនិកនេះដោយផ្ទាល់ដែលស្ថិតនៅក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញនារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២៤នេះ។
សម្រាប់ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតអូស្ត្រាលីនៅគ្លីនិកសែនសុខរបស់អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជានាពេលនេះគឺជាសក្ខីភាពនៃកិច្ចសហការរវាងអូស្ត្រាលី និងអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា ដោយបញ្ជាក់បន្ថែមពីការប្តេជ្ញាចិត្តរួមគ្នាគាំទ្រដល់ការមកទទួលបានសេវាថែទាំសុខ ភាពផ្លូវភេទនិងបន្តពូជគ្រប់ជ្រុងជ្រោយ ដែលត្រូវបានពិភា ក្សាគ្នារវាងឯកអគ្គរដ្ឋទូតអូស្ត្រាលី និងទូតសុឆន្ទៈរបស់ម៉ារីស្តូបអន្តរជាតិកម្ពុជា។
ឯកឧត្តម ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានមាន ប្រសាសន៍ថា "យើងគាំទ្រស្ត្រីគ្រប់រូបក្នុងការធ្វើការសម្រេចចិត្តចំពោះជីវិតរបស់ពួកគាត់ រួមទាំងសិទ្ធិសម្រេចការមានផ្ទៃពោះ។ នេះគឺជាហេតុផល ដែលធ្វើឱ្យការមកទទួលបានសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជមានសារៈសំខាន់ជាទីបំផុត។ ហើយក៏ជាហេតុផលដែលយើងរីករាយក្នុងការចាប់ដៃគូជាមួយអង្គការម៉ារីស្តូប ដើម្បីគាំទ្រសេវាសុខភាពដែលមានសុវត្ថិភាព និងមាន គុណភាពខ្ពស់សម្រាប់ស្ត្រី»។
តំណាងអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាបានឲ្យដឹងថាដោយយោងតាមការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលីក្នុងការលើកកម្ពស់សុខភាព ព្រមទាំងសិទ្ធិរបស់ស្ត្រីនិងក្រុមជនដែលត្រូវការការគាំទ្រនៅកម្ពុជានោះ រដ្ឋាភិបាលអូស្ត្រា លីកំពុងឧបត្ថម្ភថវិកាគាំទ្រដល់គម្រោងចំនួនពីរដែលអនុវត្តដោយអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា តាមរយៈគម្រោងទី១ ការផ្តល់សេវាសុខភាពផ្លូវភេទនិងសុខភាពបន្តពូជ សិទ្ធិ និងយន្តការថ្មីក្នុងការផ្តល់សេវាសុខភាពនិងគម្រោងមួយ ទៀតតាមរយៈកម្មវិធីសហប្រតិបត្តិការអង្គការមិនមែនរដ្ឋាភិបាលអូស្ត្រាលី។ ដែលគម្រោងទាំងពីរនេះ បានផ្តល់ការប្រឹក្សាជូនស្ត្រីគ្រប់វ័យចាប់ពីស្ត្រីវ័យមានរដូវរហូតដល់វ័យអស់រដូវ ដូចជាក្មេងជំទង់ យុវជន ស្ត្រីមានពិការភាព និងក្រុមជនដែលត្រូវការការគាំទ្រផ្សេងៗទៀត រួមទាំងការទប់ទល់ផលប៉ះពាល់នៃកូវិដ19ផងដែរ។ តាមរយៈគម្រោងនេះ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាបានសាកល្បងសេវាថែទាំវេជ្ជសាស្ត្រពីចម្ងាយបានជោគជ័យក្នុងឆ្នាំ២០២១ ហើយបានពង្រីកសេវាទូទាំងប្រទេស ដោយសារតែលទ្ធ ផលវិជ្ជមាននេះ នាំឲ្យអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា បើកទីតាំងថ្មីចំនួនពីរទៀតនៅក្នុងតំបន់ដែលស្ត្រីកំពុងប្រឈមនឹងឧបសគ្គ ក្នុងការមកទទួលបានសេវាសុខភាពផ្លូវភេទនិងសុខភាពបន្តពូជ។គ្លីនិកថ្មីទាំងពីរនេះមានទីតាំងស្ថិត នៅខណ្ឌសែនសុខរាជធានីភ្នំពេញនិងនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដើម្បីផ្តល់សេវាសុខភាពផ្លូវភេទផង សេវាសម្រាប់ជនរងគ្រោះដោយអំពើហឹង្សាយេនឌ័រផង រួមទាំងការពង្រឹងសេវាថែទាំវេជ្ជសាស្ត្រពីចម្ងាយនិងប្រព័ន្ធលើកលែងថ្លៃសេវាដែលលុបបំបាត់ឧបសគ្គផ្នែកហិរញ្ញវត្ថុ សម្រាប់ក្រុមជនដែលត្រូវការការគាំទ្រថែមទៀត។
សូមជម្រាបជូនថា អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាគឺជាស្ថាប័ននាំមុខគេនៅកម្ពុជា ផ្នែកមធ្យោបាយពន្យារ កំណើត ការរៀបចំផែនការគ្រួសារ និងសេវារំលូតដោយសុវត្ថិភាព ដោយផ្តល់នូវសេវាថែទាំសុខភាពគ្រប់ជ្រុង ជ្រោយសម្រាប់ស្ត្រីគ្រប់វ័យប្រកប ដោយគុណភាពខ្ពស់ តម្លៃសមរម្យ រក្សាការសម្ងាត់ និងមិនមានការវិនិច្ឆ័យ ដោយធានាថារាល់ការមកទទួលសេវាសុខភាពរបស់អតិថិជនទាំងអស់ត្រូវបានបំពេញ ប្រកបដោយសេចក្តីថ្លៃថ្នូរ និងការគោរព៕ ដោយ ÷ ភារម្យ









