ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បាននិយាយកាលពីថ្ងៃអង្គារ (២៣ មករា) ថាយ៉ាងហោចណាស់ជនជាតិរ៉ូហ៊ីងយ៉ាចំនួន ៥៦៩នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់ ឬបាត់ខ្លួន ខណៈពេលដែលព្យាយាមរត់ភៀសខ្លួនពីសហភាពមីយ៉ាន់ម៉ា ឬប្រទេសបង់ក្លាដែស ក្នុងឆ្នាំ២០២៣ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៤ មកដោយអំពាវនាវឱ្យមានសកម្មភាពជាបន្ទាន់ដើម្បីការពារក្រុមជនជាតិភាគតិចមួយនេះ។

ទីភ្នាក់ងារជនភៀសខ្លួន UNHCR បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការស្លាប់ ឬការបាត់ខ្លួនបានកើតឡើងក្នុងអំឡុងពេលប៉ុនប៉ងឆ្លងកាត់សមុទ្រអានដាម៉ាន់ (Andaman) ឬឈូងសមុទ្របេនហ្គាល់ (Bengal) ដោយជនជាតិរ៉ូហ៊ីងយ៉ាជិត ៤.៥០០នាក់។

សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារ UNHCR បាននិយាយថា អ្នកនៅរស់រានមានជីវិតបានចែករំលែកហេតុការណ៍ដ៏គួរឱ្យរន្ធត់នៃការរំលោភបំពាន និងការបៀតបៀនក្នុងអំឡុងពេលធ្វើដំណើរ រួមទាំងអំពើហិង្សាផ្អែកលើយេនឌ័រជាដើម។
ជនមូស្លីមរ៉ូហ៊ីងយ៉ាជាងមួយលាននាក់មកពីមីយ៉ាន់ម៉ា រស់នៅក្នុងជំរំធ្វើពីឫស្សី និងផ្លាស្ទិកក្នុងសង្កាត់ព្រំដែនបង់ក្លាដែសនៃទីក្រុង ខកស៍បាហ្សា (Cox's Bazar) ភាគច្រើនបន្ទាប់ពីបានភៀសខ្លួនចេញពីការបង្រ្កាបដោយយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំ២០១៧។
មីយ៉ាន់ម៉ាបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធាចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ មក ហើយរបបសឹកនេះបានបង្ហាញបំណងតិចតួចប៉ុណ្ណោះក្នុងទទួលយកជនជាតិរ៉ូហ៊ីងយ៉ាវិញ ដែលត្រូវបានគេចាត់ទុកថាជាអ្នកជ្រៀតជ្រែកបរទេសក្នុងប្រទេសមីយ៉ាន់ម៉ាជាយូរមកហើយ ដោយពួកគេត្រូវបានបដិសេធការចូលសញ្ជាតិ និងទទួលរងការរំលោភបំពាន៕