ជឺជិតស៊ូ៖ បន្ទាប់ពីដណ្ដើមមេដាយមាស ក្នុងការប្រកួតកីឡាជឺជិតស៊ូជើងឯកថ្នាក់ជាតិសហរដ្ឋអាមេរិកឆ្នាំ២០២១ កាលពីចុងសប្ដាហ៍កន្លងទៅ កីឡាការិនីកូនកាត់ខ្មែរ-ម៉ិកស៊ិក-អាមេរិក ខាន់ ចេសា បានរំលេចក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា នាងកំពុងទន្ទឹងរង់ចាំការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម។

គួរបញ្ជាក់ថា កាលពីចុងសប្ដាហ៍កន្លងទៅ ខាន់ ចេសា បានបន្តចូលរួមការប្រកួត American National IBJJF Jiu-Jitsu Championship 2021 នៅទីក្រុង Las Vegas ដែលមានអត្តពលិកចូលរួមប្រមាណជាង ៤,០០០នាក់ ខណៈលទ្ធផលនាងបានឈ្នះមេដាយមាសលើវិញ្ញាសាខ្សែក្រវាត់ខ្មៅ បន្ទាប់ពីយកឈ្នះគូប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ៧-០ពិន្ទុ និងបានផ្ដួលគូប្រកួតដោយស្នៀតកាច់ឃ្លេ ត្រូវបានអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតនៅក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី២៦ ខែមិថុនា។ ជ័យជម្នះនេះបានធ្វើឲ្យកីឡាការិនីជឺជិតស៊ូជម្រើសជាតិកម្ពុជារូបនេះ សម្ដែងការសប្បាយចិត្តជាខ្លាំងមុននាងត្រូវធ្វើដំណើរមកកម្ពុជា ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២១ នៅប្រទេសវៀតណាម ដែលខ្លួនកំពុងរង់ចាំយ៉ាងអន្ទះសា ហើយសង្ឃឹមថា ការប្រកួតកីឡាស៊ីហ្គេមនេះនឹងបន្ដធ្វើធម្មតា ដ្បិតនាងចង់ចូលរួមដើម្បីបង្ហាញនូវមោទនភាពនៃអត្តពលិកកម្ពុជា ក្នុងប្រភេទកីឡាជឺជិតស៊ូ។ លើសពីនេះ ចេសា ក៏បានជូនពរ ហើយសង្ឃឹមថា ប្រទេសកម្ពុជានឹងរួចផុសពីជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗផងដែរ។
ទន្ទឹមជាមួយគ្នា ម្ចាស់ខ្សែក្រវាត់ខ្មៅវ័យក្មេងជាងគេលើពិភពលោក ខាន់ ចេសា ក៏បានរំលេចនូវអ្វីដែលខ្លួនបានធ្វើសម្រាប់កម្ពុជានាពេលកន្លងមកផងដែរ ដូចជាក្នុងវ័យ ១៦ឆ្នាំ នាងបានដណ្ដើមមេដាយមាសកីឡាអាស៊ីឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី និងវ័យ ១៧ឆ្នាំ នាងដណ្ដើមមេដាយមាស ១គ្រឿងទៀតពីការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១៩ នៅហ្វីលីពីន។ ដូច្នេះ ចេសា កំពុងទន្ទឹងរង់ចាំការប្រកួតស៊ីហ្គេមនៅវៀតណាម ដើម្បីធ្វើការប្រកួតប្រជែង និងដណ្ដើមមេដាយមាសជូនប្រទេសកម្ពុជាបន្ដទៀត។ គួរដឹងថា ខាន់ ចេសា ត្រូវបានថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋកម្ពុជាចាត់ទុកជាវីរកីឡាការិនីម្នាក់ បន្ទាប់ពីដណ្ដើមបានមេដាយមាសកីឡាអាស៊ី ១គ្រឿង រួមចំណែកជួយឲ្យកម្ពុជាបំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ៦៤ឆ្នាំដែលឈ្នះមេដាយមាស ២គ្រឿង ជាមួយកីឡាករ សាលី អ៊ូមើត ដែលដណ្ដើមបានមេដាយមាស ១ និងសំរឹទ្ធ ១ លើប្រភេទកីឡាម៉ូតូទឹកនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីកាលពីឆ្នាំ២០១៨។
បន្ទាប់ពីទទួលបានជោគជ័យលើកដំបូងជូនប្រទេសកំណើតរបស់ឪពុក គ្រួសាររបស់កីឡាការិនី ខាន់ ចេសា និងសាមីខ្លួនផ្ទាល់បានមានមោទនភាពយ៉ាងខ្លាំង ហើយបានគាំទ្រ និងបង្ហាញឆន្ទៈក្នុងការបន្ដប្រកួតតំណាងកម្ពុជា ក្នុងព្រឹត្តិការណ៍អន្តរជាតិបន្ដបន្ទាប់ទៀត ជាក់ស្ដែង ១ឆ្នាំក្រោយដណ្ដើមបានមេដាយមាសកីឡាអាស៊ី ចេសា ក៏បានចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១៩ នៅហ្វីលីពីន និងដណ្ដើមបានមេដាយមាសជូនកម្ពុជា ១គ្រឿងទៀតផង៕
អត្ថបទ៖ លី ឈុនឡា