ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បាននិយាយថា លោកមិនគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់ឡើយ ហើយបានរំលឹកឡើងវិញថាប្រទេសរបស់លោកបានប្តេជ្ញាចិត្តចំពោះគោលនយោបាយចិនតែមួយ ដែលជាការឆ្លើយតបទៅនឹងការខឹងសម្បាររបស់ប្រទេសចិនចំពោះការលើកឡើងនាពេលថ្មីៗនេះក្នុងការអបអរសាទរមេដឹកនាំឈ្នះឆ្នោតថ្មីរបស់កោះតៃវ៉ាន់។

លោក ម៉ាកូស បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ ជីអ៊ឹមអេ ញ៉ូវស៍ ធីវី (GMA News TV) ដែលបានចាក់ផ្សាយកាលពីថ្ងៃអង្គារ (២៣ មករា) ថាការអធិប្បាយអបអរសាទររបស់លោកចំពោះលោក ឡៃ ឈីងតឺ (Lai Ching-te) កាលពីដើមខែនេះ ដែលបានហៅលោក ឡៃ ថាជាមេដឹកនាំ គឺជា «ការគួរសម» តែប៉ុណ្ណោះ។

លោក ម៉ាកូស បាននិយាយថា «គោលនយោបាយចិនតែមួយនៅតែមាន ហើយយើងបានប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយយ៉ាងតឹងរ៉ឹង និងប្រកបដោយមនសិការចាប់តាំងពីយើងបានអនុម័តវាមក»។

ទោះជាយ៉ាងណាក៏ដោយ សារអបអរសាទរនេះបានទាក់ទាញការស្តីបន្ទោសយ៉ាងខ្លាំងពីប្រទេសចិនដោយអ្នកនាំពាក្យក្រសួងការបរទេសរបស់ខ្លួនបានប្រាប់លោកប្រធានាធិបតី Marcos កាលពីសប្តាហ៍មុនឱ្យ «អានសៀវភៅបន្ថែមទៀតដើម្បីយល់ឱ្យបានត្រឹមត្រូវអំពីបញ្ហាខាងក្នុង និងក្រៅនៃកោះតៃវ៉ាន់»៕