អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអង្គារ ទី ២៣ ខែមករា បាននិយាយថា «ការបដិសេធយ៉ាងច្បាស់និងម្តងហើយម្តងទៀត ចំពោះដំណោះស្រាយរដ្ឋពីរ នៅកម្រិតខ្ពស់បំផុតរបស់រដ្ឋាភិបាលអ៊ីស្រាអែល គឺមិនអាចទទួលយកបានទេ» ខណៈ លោក បានអំពាវនាវឱ្យមានជំនួយបន្ថែមទៀតនៅទូទាំងតំបន់ហ្កាហ្សា។

លោក Guterres បាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ប្រជាជនទាំងមូលក្នុងតំបន់ហ្កាហ្សា កំពុងស៊ូទ្រាំនឹងការបំផ្លិចបំផ្លាញក្នុងទំហំមួយ និងល្បឿន ដោយមិនស្របគ្នាក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ។

គ្មានអ្វីអាចបង្ហាញពីភាពត្រឹមត្រូវនៃការដាក់ទណ្ឌកម្មរួមលើពលរដ្ឋប៉ាឡេស្ទីននោះទេ។
លោកបាននិយាយទៅកាន់ក្រុមប្រឹក្សាថា ស្ថានភាពមនុស្សធម៌នៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនគឺ «គួរឱ្យរន្ធត់" ហើយ ប្រជាជនតំបន់ហ្កាហ្សា មិនត្រឹមតែមានហានិភ័យនៃការស្លាប់ឬរងរបួសដោយការទម្លាក់គ្រាប់បែកឥតឈប់ឈរប៉ុណ្ណោះទេ ពួកគេក៏ប្រឈមការកើនឡើងការឆ្លងជំងឺ ដូចជាជំងឺរលាកថ្លើមប្រភេទ A ជំងឺរាក និងជំងឺអាសន្នរោគ។
លោក Guterres បានអំពាវនាវម្តងទៀត សម្រាប់បទឈប់បាញ់មនុស្សធម៌ជាបន្ទាន់។