ព្រិលខ្លាំង កំពុងធ្លាក់នៅតំបន់ភាគច្រើននៅតាមបណ្តោយឆ្នេរសមុទ្រប្រទេសជប៉ុន ពីភាគខាងលិច រហូតដល់ភាគខាងកើតប្រទេសជប៉ុន រួមទាំងឧបទ្វីប ណូតូ (Noto) ដែលត្រូវបានវាយប្រហារដោយការរញ្ជួយដីដ៏មានឥទ្ធិពលកាលពីថ្ងៃចូលឆ្នាំថ្មី។ ទីភ្នាក់ងារឧតុនិយមប្រទេសជប៉ុន និយាយថា អាកាសធាតុបាននាំមកនូវខ្យល់ត្រជាក់ខ្លាំងបំផុតប្រចាំរដូវកាល រួមជាមួយនឹងគំរូសម្ពាធប្រភេទរដូវរងា។

មន្ត្រីឧតុនិយម កំពុងព្រមានអំពីការបង្អាក់ចរាចរណ៍ទ្រង់ទ្រាយធំ បន្ទាប់ពីព្រិលធ្លាក់ខ្លាំងភ្លាមៗនៅក្នុងខេត្ត Fukui និងខេត្ត Shiga ។ មន្ត្រីបានព្យាករណ៍ថា ព្រិល នឹងបន្តធ្លាក់រហូតដល់ថ្ងៃព្រហស្បតិ៍ នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយការរញ្ជួយដីនៅឧបទ្វីប Noto នៃខេត្ត Ishikawa ។ ប្រជាជន ត្រូវបានជំរុញឱ្យមានការប្រុងប្រយ័ត្នចំពោះបញ្ហាចរាចរណ៍ និងឲ្យស្ថិតនៅក្នុងទីតាំងមានសុវត្ថិភាព។

ក្នុងរយៈពេល ២៤ម៉ោងរហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍ ការធ្លាក់ព្រិល ត្រូវបានគេរំពឹងថានឹងឡើងដល់ ៩០ សង់ទីម៉ែត្រ នៅក្នុងខេត្ត Niigata ៨០សង់ទីម៉ែត្រនៅក្នុងតំបន់ Kinki និង ៧០សង់ទីម៉ែត្រនៅក្នុងតំបន់ Hokuriku, Tohoku, Tokai និងតំបន់ Chugoku ។
អាជ្ញាធរនៅឧបទ្វីប Noto កំពុងព្រមានថា អគារដែលរងការខូចខាតដោយការរញ្ជួយដី អាចបាក់រលំក្រោមទម្ងន់ព្រិល។ មន្ត្រីឧតុនិយម ក៏បានព្រមានពីជំងឺផ្តាសាយធំផងដែរ។ សីតុណ្ហភាពនៅពេលថ្ងៃខ្ពស់សម្រាប់ថ្ងៃពុធនេះ ត្រូវបានគេរំពឹងថានឹងមាន ១ អង្សាសេនៅក្នុងទីក្រុង Toyama ២អង្សាសេនៅក្នុងទីក្រុង Wajima និង ៣អង្សាសេនៅក្នុងទីក្រុង Kanazawa ។
ភាពញឹកញាប់នៃការរញ្ជួយដីនៅក្នុងតំបន់ដែលរងផលប៉ះពាល់បានថយចុះ ប៉ុន្តែសកម្មភាពរញ្ជួយដីនៅតែមានកម្រិតខ្ពស់។ ក្រុមមន្ត្រី កំពុងជំរុញឱ្យពលរដ្ឋ រក្សាការប្រុងប្រយ័ត្នចំពោះគ្រោះរញ្ជួយដីកម្រិតលើ ៥រ៉ិចទ័រ ឬខ្លាំងជាងនេះ នៅក្នុងសប្តាហ៍ខាងមុខនេះ។