ទីភ្នាក់ងារផ្តល់ជំនួយ និងការងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់បូព៌ា (UNRWA) បាននិយាយកាលពីថ្ងៃអង្គារថា មនុស្សប្រហែល ៥៧០.០០០នាក់ នៅតំបន់ហ្កាហ្សា ប្រឈមភាពអត់ឃ្លានធ្ងន់ធ្ងរ ហើយការងាររបស់អង្គការមនុស្សធម៌ មានការលំបាកដោយសារបញ្ហាការចូលទៅដល់ និងបញ្ហាទំនាក់ទំនង។

ទីភ្នាក់ងារផ្តល់ជំនួយ UNRWA បាននិយាយថា មនុស្ស ៥៧០.០០០នាក់ នៅតំបន់ហ្កាហ្សា ប្រឈមភាពអត់ឃ្លានដ៏មហន្តរាយ ហើយការប្រយុទ្ធគ្នាខ្លាំង ការបដិសេធមិនឲ្យមានដំណើរការចូល និងការរឹតត្បិត ការកាត់ផ្តាច់ទំនាក់ទំនង កំពុងរារាំងសមត្ថភាពរបស់ទីភ្នាក់ងារជំនួយ UNRWA ក្នុងការផ្តល់ជំនួយប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។

ភ្នាក់ងារផ្តល់ជំនួយUNRWA បាននិយាយនៅលើបណ្តាញ X ថា ខណៈហានិភ័យនៃគ្រោះទុរភិក្សកើនឡើង អង្គការសហប្រជាជាតិ អំពាវនាវឱ្យមានការបង្កើនយ៉ាងសំខាន់ក្នុងដំណើរការចូលផ្នែកមនុស្សធម៌។
កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ក្រុមហាម៉ាស បានបើកការវាយប្រហារដោយគ្រាប់រ៉ុក្កែតទ្រង់ទ្រាយធំទៅលើអ៊ីស្រាអែល ពីតំបន់ហ្កាហ្សា ខណៈអ្នកប្រយុទ្ធរបស់ក្រុមនេះបានបំពានព្រំដែន និងបានបាញ់ប្រហារទៅលើយោធា និងជនស៊ីវិល។ ជាលទ្ធផល មនុស្សជាង ១.២០០នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល និង ២៤០នាក់ផ្សេងទៀតត្រូវបានចាប់ពង្រត់។
អ៊ីស្រាអែល បានបើកការវាយប្រហារសងសឹក បញ្ជាឱ្យបិទតំបន់ហ្កាហ្សាទាំងមូល និងបើកការវាយលុកតាមជើងគោកនៅតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន ដោយមានគោលដៅ កម្ចាត់ក្រុមអ្នកប្រយុទ្ធហាម៉ាស និងជួយសង្គ្រោះចំណាប់ថ្នូរ។
យោងតាមមន្ត្រីក្នុងតំបន់បានឱ្យដឹងថា មនុស្សជាង ២៥.០០០នាក់ ត្រូវបានសម្លាប់នៅហ្កាហ្សា រហូតមកដល់ពេលនេះ បណ្តាលមកពីការវាយប្រហាររបស់អ៊ីស្រាអែល។