មានប្រសាសន៍ក្នុងពិធីអបអរសាទរ«ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើង គោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩-២៤ មករា ២០២៤» សម្ដេចមហាបវរធិបតីនាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅក្នុងប្រទេសរបស់ខ្លួននោះឡើយ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា កម្ពុជាក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពរបស់ខ្លួននៅលើទឹកដីបរទេសនោះដែរ លើកលែងតែចេញទៅបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ។
ក្នុងពិធីនោះដែរ សម្ដេចមហាបវរធិបតីនាយឧត្ដមសេនីយ៍នាយករដ្ឋមន្ត្រី ក៏បានផ្ញើសារទៅកាន់ពិភព លោកដែរថា កម្ពុជាមិនមានមហិច្ឆតារំលោភឈ្លានពានប្រទេសណានោះឡើយ។
សម្ដេចធិបតីបញ្ជាក់បន្ថែមថា ការធ្វើទំនើបកម្មកងទ័ពរបស់កម្ពុជា គឺដូចនឹងប្រទេសនានាដែរ ហើយនៅក្នុងពិភពលោកនេះ ក៏មិនមានច្បាប់ហាមឃាត់ប្រទេសណាមួយ មិនឱ្យធ្វើទំនើបកម្មកងទ័ពនោះដែរ។
សម្ដេចមហាបវរធិបតីនាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ នេះ បានដាក់ចេញនូវកម្មវិធីកំណែទម្រង់ជាច្រើន ក្នុងនោះក៏មានកំណែទម្រង់ កងទ័ព និងធ្វើទំនើបកម្មកងទ័ព ដើម្បីពង្រឹងសមត្ថភាពកងទ័ពឱ្យកាន់តែប្រសើរថែមទៀត៕ដោយ៖ គង់ ឌិន