ក្នុងអំឡុងពេលកិច្ចប្រជុំលើកទី១៨នៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន (Ramstein) កាលថ្ងៃទី ២៣ ខែមករា រដ្ឋមន្ត្រីការពារជាតិកាណាដា លោក Bill Blair បានប្រកាសកញ្ចប់ជំនួយយោធាថ្មីដល់ទីក្រុងគីវ និងការចូលរួមរបស់គ្រូជនជាតិកាណាដា ក្នុងការបណ្តុះបណ្តាលអាកាសយានិកអ៊ុយក្រែនលើយន្តហោះចម្បាំង F-16។

កញ្ចប់ជំនួយយោធាដែលមានតម្លៃប្រហែល ១៥លានដុល្លារអាមេរិក រួមមានទូកខ្យល់ចំនួន១០គ្រឿងពីក្រុមហ៊ុន Zodiac Hurricane Technologies។ ទូកទាំងនេះ នឹងជួយអ៊ុយក្រែនក្នុងប្រតិបត្តិការដូចជាការស្វែងរក និងជួយសង្គ្រោះ ការដឹកជញ្ជូនកងទ័ព និងទំនិញ ការឃ្លាំមើល និងការឈ្លបយកការណ៍ជាដើម។

ទូកនីមួយៗ នឹងត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញាដ៏ទំនើប និងប្រព័ន្ធរុករក និងទំនាក់ទំនង។ ប្រទេសកាណាដា ក៏នឹងផ្តល់ការបណ្តុះបណ្តាលសម្រាប់យោធាអ៊ុយក្រែននៅលើទូកទាំងនេះផងដែរ។ អ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងទទួលបានទូកទាំងនោះ នៅចុងនិទាឃរដូវ ឆ្នាំ២០២៤។

ក្នុងពេលជាមួយគ្នានេះ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤ កាណាដានឹងផ្តល់គ្រូបង្រៀនស៊ីវិល យន្តហោះ និងបុគ្គលិកជំនួយ ដើម្បីជួយបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែន ដែលជាផ្នែកមួយនៃក្រុមចម្រុះ F-16 រួមជាមួយនឹងប្រទេសដាណឺម៉ាក និងប្រទេសបារាំង។ ការបណ្តុះបណ្តាលនេះ នឹងមានរយៈពេលរហូតដល់ឆ្នាំ ២០២៥។