អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បាននិយាយនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ (២៣ មករា) ថាចំនួនមនុស្សដែលត្រូវបានរាយការណ៍ថាបានបាត់បង់ជីវិត ខណៈប្រទេសហៃទី ប្រឈមមុខនឹងជម្លោះកាន់តែអាក្រក់រវាងក្រុមជនអន្ធពាលប្រដាប់អាវុធធន់ធ្ងន់ បានកើនឡើងដល់ទៅ ៤.៧៨៩នាក់កាលពីឆ្នាំមុន។

លោក Guterres បាននិយាយក្នុងរបាយការណ៍ថា៖ «ខ្ញុំមានការរន្ធត់ចិត្តចំពោះកម្រិតនៃអំពើហិង្សាក្រុមជនអន្ធពាលដែលកាន់តែខ្លាំងក្លាឡើង។ ការសម្លាប់ដោយក្រុមជនអន្ធពាល ការចាប់ជំរិត និងអំពើហិង្សាផ្លូវភេទ ជាពិសេសទៅលើស្ត្រី និងកុមារី ក្នុងចំណោមការរំលោភបំពានផ្សេងទៀត នៅតែបន្តមាននិទណ្ឌភាពយ៉ាងទូលំទូលាយ»។

នគរបាលរបស់ប្រទេសហៃទី បានជួបការលំបាកក្នុងការដណ្ដើមយកតំបន់នានាចេញពីការគ្រប់គ្រងរបស់ក្រុមជនអន្ធពាល និងបញ្ឈប់ការរីករាលដាលនៃសម្ព័ន្ធភាពដ៏មានឥទ្ធិពលទៅកាន់ដីស្រែចំការសំខាន់ៗ។
នគរបាលបាននិយាយថា ប៉ុស្តិ៍នគរបាលមួយក្នុងចំណោមស្ថានីយ៍ចំនួន ១០ទីតាំងនៅទូទាំងប្រទេសត្រូវបានវាយប្រហារពេញមួយឆ្នាំ ខណៈដែលរថពាសដែករបស់នគរបាលជាច្រើនគ្រឿងត្រូវបានទុកចោលមិនដំណើរការបន្ទាប់ពីការប៉ះទង្គិចជាមួយសមាជិកក្រុមជនអន្ធពាល ដែលតែងតែស្លៀកពាក់ឯកសណ្ឋាននគរបាលក្លែងក្លាយដើម្បីធ្វើសកម្មភាពចាប់ជំរិត៕