កងទ័ព បានប្តេជ្ញាចិត្តបន្តការពារសន្តិភាព និងស្ថិរភាព ដើម្បីធានាប្រយោជន៍ជូនជាតិ និងប្រជាជន ខណៈនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៤នេះ គឺជា ខួបអនុស្សាវរីយ៍លើកទី ២៥ ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក។
ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក មានយោធិនជាច្រើន បានបង្ហាញការអបអរសាទរ ដើម្បីរំលឹកឡើងវិញនូវការលះបង់ និងគំរូវីរភាពដ៏អង់អាចក្លាហ៊ានរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តួចផ្តើមរៀបចំឲ្យមានបញ្ជាការដ្ឋានកងទ័ពជើងគោករហូតលេចចេញជារូបរាងនូវកងឯកភាពដ៏រឹងមាំក្នុងប្រព័ន្ធដឹកនាំកងទ័ពមកដល់ពេលបច្ចុប្បន្ន។
ក្នុងនោះ យោធិនជាច្រើន បានប្តេជ្ញាចិត្តបន្តការពារសន្តិភាព និងស្ថិរភាពយ៉ាងមុតមាំ ហើយថែមទាំងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់បំផុតសម្រាប់ជាខឿនការពារជាតិឲ្យបានគង់វង្ស និងយូរអង្វែងសម្រាប់ជាតិ និងប្រជាជន។
ជាមួយគ្នា យោធិន បន្តថា ក្នុងស្មារតីការពារនេះនឹងអនុវត្តយ៉ាងមានប្រសិទ្ធភាពតាមនយោបាយឈ្នះ ឈ្នះ ជាគន្លឹះស្នូលដែលនាំឲ្យកម្ពុជាបានបញ្ចប់សង្គ្រាមផ្ទៃក្នុងទាំងស្រុងរហូតធានាបាននូវសន្តិភាពពិតប្រាកដជូនជាតិ និងប្រជាពលរដ្ឋ៕ អត្ថបទ៖ សេក ឧត្តម