បន្ទាយមានជ័យ ៖ ឯកឧត្តម ខេង ស៊ុម អ្នកតំណាងរាស្ត្រ-សមាជិកគណ:កម្មការទី៣ ឬគណ:កម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹកបរិស្ថាន និងអភិវឌ្ឍន៍ជនបទនៃរដ្ឋសភា ក្នុងនាមឯកឧត្តមឡូយ សុផាត ប្រធានគណ:កម្មការ អមដំណើរដោយលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធាន និងឧតុនិយមខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់នៅក្នុងខេត្តបន្ទាយមានជ័យ នាស្រុកក្រុងចំនួន៣ ភាគខាងលិចខេត្ត។
គម្រោងទាំង៣កន្លែងនេះ អនុវត្តដោយក្រសួងធនធានទឹកនិងឧតុនិយម សាងសង់ដោយក្រុមហ៊ុន គុមហូ កូរ៉េ និងក្រោមឥណទានធនាគារអាហរណ នីហរ័ណកូរ៉េ.តាមរយ:ធនាអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងទឹកប្រាក់រាប់រយលានដុល្លាសហរដ្ឋអាមេរិក ព្រមទាំងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា លើការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌសង្គ្រាម និងសំណងផលប៉ះពាល់។
ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ លោក យឹម ប៊ុនរ៉ុម បានឲ្យដឹងថា យោងទិន្នន័យមន្ទីរ និងក្រសួងធនធានទឹកនិងឧតុនិយម គឺគម្រោងជួសជុលអាងទឹក និងប្រព័ន្ធស្រោចស្រពមានចំនួន ៣កន្លែង ១. នៅអាងទឹកវាំងហែង ២. នៅអាងទឹកពង្រ និង៣.អាងទឺកកន្សែង។ ក្នុងនោះ ប្រឡាយដោះទឹក និងស្រោចស្រពមានប្រវែងសរុប ៨៧,៦គីឡូម៉ែត្រ។ សំណង់សិល្បការមានចំនួន ២០៧កន្លែង។ លោកបន្តថា ប្រព័ន្ធធារាសាស្ត្រនៅខេត្តបន្ទាយមានជ័យមានច្រើនប្រទាក់ក្រឡានៅប៉ែកខាងត្បូងនិងខាងកើតខេត្ត ។ប៉ុន្តែនៅប៉ែកខាងលិចនិងខាងជើងនៅពុំទាន់មានច្រើនទេ។ផលវិបាកពីបញ្ហានេះ និងបម្រែបម្រួលអាកាសធាតុ មិនត្រឹមតែបង្ការខ្វះខាតទឹកសម្រាប់ស្រោចស្រពដំណាំកសិកម្មនិងកសិ-ឧស្សាហកម្មព្រមទាំងទឹកប្រើប្រាសប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្កជាការរងគ្រោះដោយទឹកជំនន់នាំអោយខូចខាតលើច្រើនវិស័យស្ទើររាល់ឆ្នាំ នេះបើគិតពីឆ្នាំ២០០៩មក។
ឯកឧត្តមតំណាងរាស្ត្រ ខេង ស៊ុម បានឲ្យដឹងដែរ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា មានបាវចនាចំនួន៥ និងមានអាទិភាពគន្លឹះចំនួន៥ ក្នុងការបន្តអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗ លើគ្រប់វិស័យ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបទៅនឹងសំណូមពរនិងសេចក្តីត្រូវការរបស់ប្រជាជន។ ក្នុងនោះប្រព័ន្ធធារាសាស្ត្រទាំង៣ខាងលើ នៅពេលស្ថាបនារួចនឹងផ្តល់ប្រយោជន៍ធំធេងដល់ប្រជាពលរដ្ឋ និងខេត្តបន្ទាយមានជ័យទាំងការកាត់បន្ថយគ្រោះមហន្តរាយពីគ្រោះទឹកជំនន់ពីកត្តាប្រែប្រួលអាកាសធាតុ និងជាពិសេសនឹងផ្តល់នូវទឹកប្រើប្រាស់ទឹកស្រោចស្រពដំណាំទាំងរដូវវស្សានិងទាំងរដូវប្រាំង៕ ដោយ ៖ បូរ៉ាវី










