ត្បូងឃ្មុំ ៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៤ខែមករា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារ និងបើកកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានដាក់ចេញនូវទិសដៅការងារអាទិភាពចំពោះមុខ ៨ចំណុច ដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលក្នុងនោះរួមមាន៖
ទី១.ត្រូវរៀបចំចាត់តាំងក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋាន តាមភូមិ ឃុំ ស្រុក។
ទី២.ត្រូវធ្វើបច្ចុប្បន្នភាពតារាងបញ្ហា សំណើ សំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីជាមូលដ្ឋានសម្រាប់ការធ្វើ វេទិកាសាធារណៈ សម្របសម្រួលការអនុវត្តផែនការនិងត្រួតពិនិត្យតាមដានវឌ្ឍនភាព
ទី៣.ជំរុញការអនុវត្តគោលនយោបាយអាទិភាពនានា និង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជ- រដ្ឋាភិបាល ជាពិសេសគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលជាអាទិភាព ៥+១ របស់រាជរដ្ឋាភិបាល។
ទី៤.ត្រូវរៀបចំផែនការចុះវេទិកាសាធារណៈប្រចាំឆ្នាំ ២០២៤ សម្រាប់ភូមិទាំងអស់
ទី៥.ត្រូវធ្វើរបាយការណ៍ អំពីលទ្ធផលនៃវេទិកាសាធារណៈ និងរបាយការណ៍កិច្ចប្រជុំប្រចាំត្រីមាសនៃក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ស្រុក/ក្រុង និងឃុំ/ សង្កាត់
ទី៦.ត្រូវចងក្រងឯកសារ របាយការណ៍នានា ស្តីពីស្ថានភាព ភូមិសាស្ត្រ ប្រជាសាស្ត្រ សេដ្ឋកិច្ច សង្គមកិច្ច (កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ គមនាគមន៍ ប្រព័ន្ធធារាស្ត្រ អប់រំ សុខាភិបាល) វប្បធម៌ សន្តិសុខ ក៏ដូចជាព័ត៌មានអំពីដៃគូពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល ដែលមានសកម្មភាពនៅក្នុងមូលដ្ឋាន ដើម្បី ពង្រឹងការសម្របសម្រួល និងប្រើប្រាស់ឲ្យអស់លទ្ធភាពនូវសក្តានុពលដែលមាន។
ទី៧.ត្រូវសិក្សាបន្ថែមអំពីសក្តានុពលរបស់មូលដ្ឋាន ដែល អាចជាប្រភពថ្មីសម្រាប់ការអភិវឌ្ឍ ក្រៅពីវិស័យ កសិកម្ម ឧស្សាហកម្ម តាមរយៈការខិតខំកែច្នៃប្រែ ក្លាយតំបន់វប្បធម៌ ប្រវត្តិសាស្ត្រ និងតំបន់ទេសចរណ៍ ធម្មជាតិនានា ឲ្យក្លាយជា គោលដៅកម្សាន្តបៃតង ដើម្បី លើកកម្ពស់ជីវភាពប្រជាសហគមន៍ តាមរយៈការបង្កើន ប្រាក់ចំណូល ហើយដែលជាធាតុចូលជំរុញឱ្យកម្ពុជា ក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ និងទី៨.ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវសកម្មភាព ការងារ និងលទ្ធផលសម្រេចបានរបស់ក្រុមការងារ៕ ដោយ ៖ ទូច សោភ័ណ







