
ប្រមុខអង្គការសហប្រជាជាតិ បានព្រមានអ៊ីស្រាអែលកាលពីថ្ងៃអង្គារថា ការបដិសេធរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)ចំពោះដំណោះស្រាយរដ្ឋពីរ នឹងអូសបន្លាយដោយគ្មានកំណត់នូវជម្លោះ ដែលកំពុងគំរាមកំហែងដល់សន្តិភាពពិភពលោក និងការពង្រឹងក្រុមជ្រុលនិយម នៅគ្រប់ទីកន្លែង។
នៅក្នុងភាសាដ៏តឹងតែងបំផុតរបស់ខ្លួនស្តីពីសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស លោកអគ្គលេខាធិការ អង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) បានប្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា៖«សិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីនក្នុងការកសាងរដ្ឋឯករាជ្យពេញលេញរបស់ពួកគេ ត្រូវតែត្រូវបានទទួលស្គាល់ដោយទាំងអស់គ្នា ហើយការបដិសេធមិនទទួលយកដំណោះស្រាយរដ្ឋពីរដោយភាគីណាមួយ ត្រូវតែបដិសេធយ៉ាងម៉ឺងម៉ាត់។
លោកបានថ្លែងថា ជម្រើសនៃដំណោះស្រាយរដ្ឋតែមួយ«ជាមួយនឹងប្រជាជនប៉ាឡេស្ទីនមួយចំនួនធំ នៅក្នុងដែនដីនេះ ដោយគ្មានអារម្មណ៍ពិតនៃការទទួលបានសេរីភាព សិទ្ធិ និងសេចក្តីថ្លៃថ្នូរ ...នឹងមិនអាចគួរឲ្យជឿបាន»។
លោកហ្គុយតឺរេស ក៏បានព្រមានផងដែរថា ហានិភ័យនៃការកើនឡើងនូវជម្លោះក្នុងតំបន់ «ឥឡូវនេះកំពុងក្លាយជាការពិត» ដោយចង្អុលទៅប្រទេសលីបង់ យេម៉ែន ស៊ីរី អ៊ីរ៉ាក់ និងប៉ាគីស្ថាន។ លោក បានជំរុញភាគីទាំងអស់«ឲ្យថយចេញពីស្ថានភាពដ៏មហន្តរាយនេះ ហើយពិចារណាអំពីការខូចខាតដ៏អាក្រក់បំផុត»នៃសង្គ្រាមកាន់តែធំឡើង។
ការបដិសេធរបស់លោកណេតាន់យ៉ាហ៊ូចំពោះរដ្ឋប៉ាឡេស្ទីន នៅក្នុងសេណារីយោក្រោយសង្គ្រាមណាមួយបានបង្កឲ្យមានជម្លោះកាន់តែធំ ជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិកដែលនិយាយថា សង្រ្គាមត្រូវតែនាំឲ្យមានការចរចារសម្រាប់ដំណោះស្រាយរដ្ឋពីរ ដែលអ៊ីស្រាអែល និងប៉ាឡេស្ទីន អាចរស់នៅជាមួយគ្នាបានដោយសន្តិភាព។ គោលដៅនោះ ត្រូវបានគាំទ្រដោយប្រទេសជុំវិញពិភពលោក ខណៈដែលក្រុមរដ្ឋមន្ត្រី និងបណ្តាឯកអគ្គរដ្ឋទូត បានអះអាងជាថ្មី កាលពីថ្ងៃអង្គារ។