បាល់ទាត់៖ មន្ត្រី និងកីឡាករទាំងអស់នៃក្រុមជម្រើសជាតិកម្ពុជា ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយបញ្ចប់ការធ្វើចត្ដាឡីស័ករយៈពេល ១៤ថ្ងៃដោយជោគជ័យ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយខេត្តកំពង់ឆ្នាំង ដោយពុំមានមន្ត្រី ឬកីឡាករណាម្នាក់រកឃើញវិជ្ជមានកូវីដ-១៩ ឡើយ។

ការធ្វើចត្ដាឡីស័ករបស់សមាជិកក្រុមជម្រើសជាតិកម្ពុជានេះ បន្ទាប់ពីត្រឡប់មកពីចូលរួមការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 ពូល C (ជុំទី២) នៅប្រទេសបារ៉ែនកាលពីថ្ងៃទី១៣ ខែមិថុនាកន្លងទៅ ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានជ្រើសរើសយកមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំរីករាយដើម្បីធ្វើចត្ដាឡីស័ក។
រហូតមកដល់ចុងកន្លងទៅនេះ បន្ទាប់ពីធ្វើតេស្ដសំណាករកជំងឺកូវីដ-១៩ ជាលើកទី២ និងទទួលបានលទ្ធផលអវិជ្ជមានទាំងអស់គ្នា មិនមានអ្នកឆ្លងជំងឺរាតត្បាតជាសកលនេះ សហ ព័ន្ធក៏បានអនុញ្ញាតឲ្យមន្ដ្រី និងកីឡាករទាំងអស់ត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនវិញ។ ជាមួយគ្នាដែរ សហព័ន្ធក៏បានអរគុណក្រុមការងារ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ពិសេសចុងភៅដែលបានជួយសម្របសម្រួលដល់ការការស្នាក់នៅ និងការហូបចុករយៈពេល ១៤ថ្ងៃពេញផងដែរ។

សូមរំឭកថា ក្រុមជម្រើសជាតិកម្ពុជាបានចូលរួម ការប្រកួតសេសសល់នៃវគ្គជម្រុះ FIFA World Cup 2022 នៅប្រទេសបារ៉ែនចំនួន ៣ប្រកួតកាលពីដើមខែមិថុនាកន្លងទៅ តែពុំស្គាល់ជ័យជម្នះនោះទេបន្ទាប់ពីចាញ់ក្រុមម្ចាស់ផ្ទះបារ៉ែន ៨-០, ចាញ់អ៊ីរ៉ាក់ ៤-១ និងចាញ់ក្រុមខ្លាំងអ៊ីរ៉ង់ ១០-០។ លទ្ធផលនេះបានធ្វើឲ្យក្រុមគោព្រៃកម្ពុជា ឈរបាតតារាងនៃពូល C ក្នុងចំណោម ៥ក្រុម និងរកបាន ១ពិន្ទុប៉ុណ្ណោះបន្ទាប់ពីឆ្លងកាត់ ៨ប្រកួតស្មើ ១ និងចាញ់ ៧ប្រកួត មុនបន្ដបេសកកម្មថ្មីមួយទៀតគឺការប្រកួត Play-Off ដើម្បីប្រជែងកៅអីវគ្គចែកពូលជម្រុះជុំទី៣ នៃការប្រកួតជើងឯកទ្វីបអាស៊ីឆ្នាំ២០២៣ នាខែកញ្ញាខាងមុខ៕
អត្ថបទ៖ លី ឈុនឡា