
អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៦នាក់ បានស្លាប់ និង ១៤នាក់ បានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះហ្គាសដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នា នៅក្នុងរដ្ឋធានីនៃប្រទេសម៉ុងហ្គោលី នៅថ្ងៃពុធ (ទី២៤ ខែមករា)។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិម៉ុងហ្គោលី (NEMA) បានឲ្យដឹងនៅលើគេហទំព័ររបស់ខ្លួនថា រថយន្ត ១គ្រឿងផ្ទុកឧស្ម័នធម្មជាតិរាវ (LNG) ទម្ងន់ ៦០តោន បានបុកជាមួយរថយន្ត ១គ្រឿងទៀត ហើយបានផ្ទុះឡើង នៅវេលាព្រឹកថ្ងៃពុធនេះ។
តាមរយៈគេហទំព័ររបស់ខ្លួន NEMA បានប្រាប់ឲ្យដឹងថា យោងទៅតាមលទ្ធផលបឋមមនុស្ស ៣នាក់ បានស្លាប់ នៅក្នុងអគ្គិភ័យ ដោយបន្ថែមថា អ្នកពន្លត់អគ្គិភ័យ ៣នាក់ ក៏បានបាត់បង់ជីវិតផងដែរ ខណៈដែល ១៤នាក់ត្រូវបានបញ្ជូនទៅព្យាបាល។
ក្នុងចំណោមអ្នកទាំងនោះ ១០នាក់ត្រូវបានបញ្ជូនទៅព្យាបាលការរលាក ខណៈកុមារម្នាក់កំពុងត្រូវបានព្យាបាលដោយការពុល និងទារក ៣នាក់ផ្សេងទៀតកំពុងត្រូវបានថែទាំ។ ក្រុមជួយសង្គ្រោះត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ហើយភ្លើងត្រូវបានពន្លត់។
រូបភាពដែលបានចែករំលែកដោយ NEMA បង្ហាញពីសេវាសង្គ្រោះបន្ទាន់នៅកន្លែងកើតហេតុ ដែលមានអគ្គិភ័យនោះ ដោយមានអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅបានឆាបឆេះពេញផ្លូវ៕