
រដ្ឋាភិបាលប្រទេសនូវែលហ្សេឡង់ បានសម្រេចកាលពីថ្ងៃអង្គារថា នឹងបញ្ជូនក្រុមការពារ មួយក្រុមតូច ទៅកាន់មជ្ឈិមបូព៌ាដើម្បីការពារការដឹកជញ្ជូននៅសមុទ្រក្រហម ប៉ុន្តែគណបក្សប្រឆាំង បាននិយាយថា ការដាក់ពង្រាយនេះនឹងបញ្ឆេះភាពតានតឹងកាន់តែខ្លាំងនៅក្នុងតំបន់។ នាយករដ្ឋមន្ត្រី លោក Christopher Luxon បាននិយាយបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនៅឆ្នាំនេះថា ប្រទេសនូវ៉ែហ្សេឡង់ នឹងដាក់ពង្រាយក្រុមកងកម្លាំងការពារនូវ៉ែលហ្សេឡង់ មានសមាជិក៦នាក់ដើម្បីគាំទ្រដល់សន្តិសុខដែនសមុទ្រ នៅសមុទ្រក្រហម ដើម្បីធានាបានពាណិជ្ជកម្មសកល។ លោក Luxon បាននិយាយថា ការដាក់ពង្រាយនេះ ជាផ្នែកមួយនៃក្រុមចម្រុះអន្តរជាតិ ជាការបន្តនៃប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់ប្រទេសនូវែលហ្សេឡង់ ក្នុងការការពារសេរីភាពនៃការធ្វើនាវាចរណ៍ ទាំងនៅមជ្ឈិមបូព៌ា និងកាន់តែជិតប្រទេស។ លោកនិយាយថា ប្រមាណ ១៥ ភាគរយនៃពាណិជ្ជកម្មពិភពលោក ឆ្លងកាត់សមុទ្រក្រហម ហើយការវាយប្រហាររបស់ក្រុមហ៊ូទី កំពុងជំរុញឱ្យតម្លៃទំនិញនាំចេញហក់ឡើង និងបណ្តាលឱ្យមានការពន្យារពេលក្នុងការដឹកជញ្ជូន។ លោកបាននិយាយថា ការវាយប្រហាររបស់ក្រុមហ៊ូទីលើការដឹកជញ្ជូនតាមជើងទឹក និងពាណិជ្ជកម្ម គឺខុសច្បាប់ មិនអាចទទួលយកបាន និងធ្វើឱ្យមានអស្ថិរភាពខ្លាំង ហើយក្រុមដែលត្រូវបានដាក់ពង្រាយ នឹងរួមចំណែកដល់ការការពារខ្លួន រួមគ្នានៃនាវា នៅមជ្ឈឹមបូព៌ា។ រដ្ឋមន្ត្រីការពារជាតិនូវែលហ្សេឡង់ លោក Judith Collins បាននិយាយថា ការវាយប្រហាររបស់ក្រុមហ៊ូទី បង្ហាញពីការមិនគោរពច្បាប់អន្តរជាតិ សន្តិភាព និងស្ថិរភាព ហើយការឆ្លើយតបរបស់ក្រុមចម្រុះ គឺជាផលវិបាកដែលមិនអាចជៀសរួចចំពោះសកម្មភាពរបស់ពួកគេ។ ទោះជាយ៉ាងណា គណបក្សប្រឆាំង Green Party បាននិយាយថា ការដាក់ពង្រាយរបស់នូវែលហ្សេឡង់ទៅកាន់សមុទ្រក្រហមគឺ «បង្កើនភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា»។