ភ្នំពេញ ៖ យុវជនជាសិស្សានុសិស្ស ចំនួន៣.៤៥០នាក់ ត្រូវបានពង្រឹងសមត្ថភាព តាមរយៈការទស្សនកិច្ចសិក្សា នៅវិមានឈ្នះ-ឈ្នះ ជានិមិត្តរូបនៃការយល់ដឹងអំពីសន្តិភាព និងការឯកភាព ចាប់ផ្តើមពីថ្ងៃទី១០ ខែមករាឆ្នាំ២០២៤ នឹងត្រូវបញ្ចប់ នៅថ្ងៃ១៥ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ។
លោក ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន ត្រូវបានចាត់តាំងដោយលោក ហែម ស៊ីណារ៉េត ប្រធានមនី្ទរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ដើម្បីសម្របសម្រួលដឹកនាំក្នុងកិច្ចការទស្សនសិក្សា បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះថា ថ្ងៃនេះក្រោមការដឹកនាំ និងឧបត្ថម្ភពីឯកឧត្តមអភិបាលរាជធានីភ្នំពេញ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានរៀបចំដំណើរទស្សនកិច្ចសិក្សារបស់សិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យទូទាំងរាជធានីភ្នំពេញ មកកាន់វិមានឈ្នះ ឈ្នះ មានចំនួនសរុប៣.៤៥០នាក់ ក្រោមប្រធានបទ «យុវជន និងវប្បធម៌ សន្តិភាព»។
ទន្ទឹមគ្នានោះដែរ សិស្សានុសិស្សចំនួន២រូប មកពីវិទ្យាល័យ ជា ស៊ីម បឹងកេងកង និងវិទ្យាល័យ ព្រះយុគន្ធរ ពិតជាមានអារម្មណ៍សប្បាយរីករាយមែនទែនដែលបានអញ្ជើញមកទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ ដែលជាទីកន្លែងប្រវតិ្តសាស្រ្តរបស់ព្រះរាជាណាចក្រកម្ពុជា និងបានសិក្សាស្រាវជ្រាវដឹងអំពីប្រវតិ្តសាស្រ្តកម្ពុជា និងការទទួលបានសុខសន្តិភាពមកដល់ពេលបច្ចុប្បន្ន និងការកសាងវិមានឈ្នះ ឈ្នះឡើង ដើម្បីរំលឹកអំពីសុខសន្តិភាពរបស់ប្រទេសកម្ពុជា។
លោក ង៉ែត ចាន់សុខ បានបញ្ជាក់ថា ទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ គឺដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រមួយដែលមិនអាចប្រកែកបាន ដែលប្រទេសកម្ពុជាមានការផ្លាស់ប្តូរទៅជាទម្រង់បែបជឿនលឿនមួយដ៏ប្រាកដ នា“យុគសម័យតេជោ” នយោបាយឈ្នះ ឈ្នះ ជាទស្សនៈវិទ្យាមួយដ៏សំខាន់ ក្នុងការពន្លត់សង្គា្រមស៊ីវិលនៅកម្ពុជាហុចផលមកវិញនូវសន្តិភាពដ៏ត្រចះត្រចង់មួយ។ គឺផ្ដោតលើគោលដៅសំខាន់ៗ ៥ រួមមានដូចខាងក្រោម៖ រំលឹកដល់សារៈសំខាន់នៃសន្តិភាពសមិទ្ធផល និងដំណើរការដែលបាននាំឱ្យមានសន្តិភាពតាមរយៈ គោលនយោបាយឈ្នះ ឈ្នះ និងការផ្សៈផ្សាជាតិ។ បង្ហាញពីភាពសុខដុមនីយកម្ម នៃសង្គមកម្ពុជា តាមរយៈសាសនា សម័យកាលប្រវត្តិសាស្ត្រ និងសមិទ្ធផល។ គោរពនឹងចារឹកទុកអំពីការលះបង់ ការដឹកនាំ និងភាពច្នៃប្រឌិតរបស់អគ្គមគ្គុទ្ទេសក៍ដឹកនាំ និងប្រតិបត្តិករស្នូលកម្ពុជា ដែលបាននាំមកនូវការផ្សៈផ្សាជាតិ បញ្ចប់សង្គ្រាម ស៊ីវិលដោយគ្មានការបង្ហូរឈាម នឹងនាំមកនូវវិបុលភាព និងសន្តិភាពដល់កម្ពុជា។ បង្កើតមជ្ឈមណ្ឌលមួយដែលផ្ដល់នូវការរៀនសូត្រដល់ប្រជាជនគ្រប់ជំនាន់ទាំងអស់ឲ្យបន្តការសិក្សា និងទទួលការយល់ដឹងពីប្រវត្តិសាស្ត្រ ពិតរបស់កម្ពុជា និងបន្តអនុវត្តគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោសែន និងគុណតម្លៃនៃការធ្វើ
សមាហរណកម្ម ក្នុងដំណើរការកសាងដឹកនាំ និងអភិវឌ្ឍន៍ប្រទេសនាពេលអនាគត។ បង្ហាញពីគុណតម្លៃវប្បធម៌ អរិយធម៌ និងស្ថាបត្យកម្ម តាមរយៈរចនាបថសិល្បៈ និមិត្តរូប និមិត្តសញ្ញា និងចម្លាក់នានា និងហេដ្ឋារចសម្ព័ន្ធផ្សេងៗ ដើម្បីឲ្យប្រជាជនគ្រប់ជំនាន់ បានស្វែងយល់ និងបង្កើតគោលដៅទេសចរណ៍ធំមួយនៅទីក្រុងភ្នំពេញដែលមានលក្ខណៈជាទេសចរណ៍ ប្រវត្តិសាស្ត្រ វប្បធម៌ក៏ដូចជាគោលដៅសម្រាប់ទស្សនកិច្ចសិក្សាស្រាវជ្រាវ៕ អត្ថបទ៖ រដ្ឋា





















