
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនដែលកំពុងមានបញ្ហា គឺ Country Garden កំពុងលក់អចលនទ្រព្យ នៅទីក្រុង Guangzhou ក្នុងគោលបំណងប្រមូលប្រាក់ចំនួន ៣,៨ពាន់លានយ័ន (៥៣០លានដុល្លារអាមេរិក)។ នេះបើយោងតាមវេទិកាប្រតិបត្តិការទ្រព្យសកម្ម។
បើយោងតាមការផ្សារពាណិជ្ជកម្ម នៅថ្ងៃទី១៩ ខែមករារបស់សេវាកម្មទទួលទិញ និងសហគ្រាសរួមទុន (Enterprises Mergers & Acquisitions Services) នៅទីក្រុង Guangzhou បានឲ្យដឹងថា អចលនទ្រព្យទាំងនោះ រួមមានរមណីយដ្ឋាន សណ្ឋាគារ អគារការិយាល័យចំនួន៤ ផ្សារទំនើប ព្រមទាំងអគារផ្ទះល្វែងសម្រាប់ជួលចំនួន៥ ផងដែរ។
Country Garden ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឯកជនដ៏ធំបំផុត នៅប្រទេសចិន គឺស្ថិតក្នុងចំណោមបញ្ជីដ៏វែងនៃក្រុមហ៊ុនអភិវឌ្ឍន៍អាចលនទ្រព្យចិនដែលកំពុងជួបប្រទះនឹងបញ្ហាពីវិបត្តិសាច់ប្រាក់ ខណៈដែលវិស័យនេះបានធ្លាក់ចូលទៅក្នុងវិបត្តិ នាពាក់កណ្តាលឆ្នាំ២០២១ បន្ទាប់ពីអាជ្ញាធរបានព្យាយាមទប់ទល់នឹងកម្រិតបំណុលលើស។
ក្រុមហ៊ុនបានខកខានសងទឹកប្រាក់ ១១ដុល្លារអាមេរិកនៃមូលបត្របំណុលក្រៅប្រទេស កាលពីខែតុលា ហើយក៏បានពន្យារការសងផងដែរ សម្រាប់បំណុលក្នុងស្រុករបស់ខ្លួន។ កាលពីសប្តាហ៍មុន ក្រុមហ៊ុន Country Garden បាននិយាយថា ខ្លួនបានយល់ព្រមលក់ភាគហ៊ុននៅក្នុងគម្រោងលំនៅឋានអូស្ត្រាលី ជាការលក់បន្តបន្ទាប់ចុងក្រោយបង្អស់ ដែលនឹងនាំក្រុមហ៊ុនឲ្យខិតកាន់តែជិតការចាកចេញទាំងស្រុងពីប្រទេសនេះ៕