អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ប្រទេសជិតខាងតង់ហ្សានី និងសូម៉ាលី ក្រុមអង្គការសហប្រជាជាតិកំពុងប្រយុទ្ធនឹងផលវិបាកដ៏មហន្តរាយនៃទឹកជំនន់ធ្ងន់ធ្ងរ និងជំងឺដែលកើតឡើង។ លោក Stephane Dujarric ប្រធានអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោកAntonio Guterres បាននិយាយថា ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានរាយការណ៍ពីស្ថានភាពធ្ងន់ធ្ងរនៅសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលជិតពាក់កណ្តាលនៃខេត្តចំនួន ២៦របស់ប្រទេសនេះបានរងផលប៉ះពាល់ បណ្តាលឱ្យគ្រួសារជាង ៤០០.០០០គ្រួសារ ត្រូវការជំនួយបន្ទាន់។ លោក Dujarric បាននិយាយថា អង្គការសហប្រជាជាតិ និងដៃគូមនុស្សធម៌ កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរកុងហ្គោ ដើម្បីបង្កើតផែនការឆ្លើយតបបន្ទាន់ និងកាត់បន្ថយវិបត្តិសុខភាពសាធារណៈ។ ស្រដៀងគ្នានេះដែរ ប្រទេសសូម៉ាលី កំពុងដោះស្រាយករណីជំងឺអាសន្នរោគជាង ៤៧០ ករណី រួមទាំងយ៉ាងហោចណាស់មនុស្ស៩នាក់បានស្លាប់ ខណៈប្រទេសតង់ហ្សានី ប្រឈមទឹកជំនន់ដែលបានធ្វើឱ្យមនុស្ស១៤០នាក់បានរងរបួស ប៉ះពាល់ដល់មនុស្សជាង ៩.០០០ នាក់ និងជម្លៀសខ្លួន៧៦០ នាក់។ អង្គការ OCHA បាននិយាយថា អង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួន កំពុងបង្កើនការឆ្លើយតបនៅក្នុងស្រុកដែលរងផលប៉ះពាល់ដោយទឹកជំនន់ ហើយស្ថាប័នពិភពលោកមួយនេះ ក៏កំពុងត្រៀមទប់ទល់សម្រាប់ទឹកជំនន់បន្ថែមទៀតដែលរំពឹងទុកក្នុងអំឡុងរដូវវស្សាពីខែមេសា ដល់ខែមិថុនា។ ទោះជាយ៉ាងណា ស្ថាប័ននេះបាននិយាយថា ការផ្តល់មូលនិធិមិនគ្រប់គ្រាន់ សម្រាប់ការឆ្លើយតបផ្នែកមនុស្សធម៌ គឺជាក្តីបារម្ភដ៏សំខាន់។ ការអំពាវនាវកាលពីឆ្នាំមុនសម្រាប់ ២,៦ ពាន់លានដុល្លារអាមេរិក ដើម្បីជួយប្រជាជន ៧,៦លាននាក់នៅក្នុងប្រទេសសូម៉ាលី ទទួលបានតិចជាង ៤៤ ភាគរយ ដែលបានផ្តល់មូលនិធិ ដោយចំនួនទទួលបានត្រឹមតែ ១,១ ពាន់លានដុល្លារ។ នៅក្នុងប្រទេសតង់ហ្សានី លោក Dujarric បាននិយាយថា ក្រុមការងាររបស់អង្គការសហប្រជាជាតិ បានជួយរដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ដែលបានបំផ្លិចបំផ្លាញកាលពីពេលថ្មីៗនេះ។