
សមាជិកសភាជាន់ខ្ពស់របស់គណបក្សអភិរក្សនិយមអង់គ្លេស លោក Simon Clarke កាលពីថ្ងៃអង្គារ (ទី២៣ ខែមករា) បានអំពាវឲ្យមានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី ដោយនិយាយថា លោក Rishi Sunak កំពុងដឹកនាំគណបក្សដែលកំពុងកាន់អំណាចទៅកាន់ក្នុងការបោះឆ្នោត នៅចុងឆ្នាំនេះ «ដែលយើងនឹងត្រូវជួបនឹងការវិនាសជាមិនខាន»។
ចាប់តាំងពីលោក Sunak បានដាក់ចេញផែនការទេសន្តរប្រវេសន៍រ៉្វាន់ដា កាលពីសប្តាហ៍មុន ដោយធ្វើមិនដឹងមិនឮនឹងការទាមទាររបស់ពួកស្តាំនិយមមួយចំនួនរបស់គណបក្ស ដើម្បីពង្រឹងច្បាប់នេះ អ្នកខ្លះបានបញ្ចេញសំឡេងរិះគន់កាន់តែខ្លាំងឡើងៗ ចំពោះមេដឹកនាំរបស់ចក្រភពអង់គ្លេសរូបនេះ ដោយបារម្ភថា រូបលោកមានឱកាសតិចតួច ក្នុងការកាត់បន្ថយការនាំមុខរបស់គណបក្សប្រឆាំង គឺគណបក្សការងារ (Labour Party) នៅមុនការបោះឆ្នោត។
ទោះបីជាលោក Clarke ទទួលបានការពេញចិត្តពីសមាជិកស្ដាំនិយមមួយចំនួននៃគណបក្សអភិរក្សនិយមក៏ដោយ ក៏ការអំពាវនាវរបស់លោកដើម្បីឲ្យមានការផ្លាស់ប្ដូរនេះ ទំនងជាមិនទទួលបានការគាំទ្រពីសមាជិកសភាពួកកណ្តាលនិយមផ្សេងទៀត ដែលនៅតែសង្ឃឹមថា លោក Sunak អាចនាំពួកគេទៅរកជ័យជម្នះ។
នៅក្នុងអត្ថបទមួយសម្រាប់សារព័ត៌មាន Daily Telegraph លោក Clarke បាននិយាយថា៖ «ឥឡូវនេះមិនមែនជាពេលដែលត្រូវអស់សង្ឃឹមនោះទេ។ វាគឺជាពេលដែលត្រូវធ្វើសកម្មភាព»។ យ៉ាងណាក្ដី លោកបានទទួលស្គាល់ថា គំនិតរបស់លោកប្រហែលជាមិនត្រូវបានស្វាគមន៍ពីគ្រប់ភាគីនៃគណបក្សអភិរក្សនិយមនោះទេ៕