បាល់ទាត់៖ ក្រុមបិសាចក្រហមប៊ែលហ្ស៊ិកដែលឈរលំដាប់លេខ ១ ពិភពលោកជាង ១ពាន់ថ្ងៃមកហើយនោះ បានបញ្ចប់ក្តីសង្ឃឹមក្នុងការការពារតំណែងជើងឯក របស់ក្រុមព័រទុយហ្កាល់នៅ Euro ២០២០ ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ។
មួយគ្រាប់របស់ Thorgan Hazard ចុងវគ្គទី១ បានធ្វើអោយក្រុមរបស់លោក Roberto Martinez ធានាបានកៅអីនៅវគ្គ ៨ក្រុមចុងក្រោយ និងជាជ័យជំនះ ៤ប្រកួតជាប់គ្នានៅ Euro ២០២០ នេះបូករួមទាំង ៣ប្រកួតក្នុងពូល។ តែប៊ែលហ្ស៊ិកក៏បានបាត់បង់កីឡាករ ២នាក់ដោយសាររបួសដែរគឺ Kevin de Bruyne និង Eden Hazard និងក៏មិនដឹងថា អ្នកទាំងពីរអាចជាទាន់មុនប្រកួតបន្ទាប់រឺអត់។ ប៊ែលហ្ស៊ិកដែលគេស្គាល់ថា ជាក្រុមរជ្ជកាលមាសតាមរយៈកីឡាករកំពូលដែលមាន តែប៊ែលហ្ស៊ិកជាក្រុមដែលមានកីឡាករដែលមានអាយុជាមធ្យម ៣០ឆ្នាំ ១៤៨ថ្ងៃ ដែលជាក្រុមដែលមានកីឡាករមានកម្រិតអាយុ គិតជាមធ្យមចាស់ជាងគេនៅ Euro ២០២០ នេះ។ មានសំណួរសួរថា តើរជ្ជកាលមាសរបស់ប៊ែលហ្ស៊ិកនឹងបន្តដល់ពេលណា ខណៈពួកគេនៅរកពានសំខាន់ៗមិនបាននៅឡើយ បន្ទាប់ពីបរាជ័យនៅវគ្គ ៨ក្រុមចុងក្រោយ Euro ២០១៦ ដោយក្រុមវែល និងចាញ់បារាំងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup ២០១៨។
បន្ទាប់ពីទម្លាក់ក្រុមការពារជើងឯកព័រទុយហ្កាល់រួចហើយ ប៊ែលហ្ស៊ិកបន្តស្វែងរកពានអឺរ៉ុបលើកដំបូងរបស់ខ្លួន ដោយត្រូវជួបជាមួយជើងឯកពិភពលោក ៤សម័យ និងជើងឯកអឺរ៉ុប ១លើកអ៊ីតាលីនៅវគ្គ ៨ក្រុមចុងក្រោយ ដែលនឹងធ្វើឡើងនៅទីក្រុងមូនិចប្រទេសអាល្លឺម៉ង់។ ងាកមកមួយប្រកួតទៀតយប់មិញផងដែរ ក្រុមទឹកក្រូចហូឡង់ដែលឈ្នះ ១០០% ក្នុងពូលបែរជាចាញ់ឆេកធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ។ Matthijs de Ligt ទទួលបានកាតក្រហមតែម្តងនៅពេលយកដៃរារាំងឱកាសរបស់ Patrik Schick មុនពេលដែលឆេកក៏រកបាន ២គ្រាប់ដោយ Tomas Holes និង Patrik Schick។ ហូឡង់បានក្លាយជាក្រុមទី១ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ជើងឯកអឺរ៉ុបដែលឈ្នះ ៣ប្រកួតក្នុងពូលហើយឡើងមកចាញ់ត្រឹមម៉ោង ៩០នាទីនៅវគ្គចាញ់ធ្លាក់។ ចំណែកឆេក នេះជាជ័យជំនះដំបូងនៅវគ្គចាញ់ធ្លាក់តាំងពី Euro ២០០៤ ដែលពួកគេយកឈ្នះដាណឺម៉ាក ៣-០ នៅពេលនោះ ហើយនៅពេលនេះឆេកក៏នឹងត្រូវជួបដាណឺម៉ាកទៀតនៅ Euro ២០២០ វគ្គ ៨ក្រុមចុងក្រោយ៕
អត្ថបទ៖នាង សុភាវុធ