
រដ្ឋមន្ត្រីការបរទេសអង់គ្លេសទទួលបន្ទុកតំបន់មជ្ឈិមបូព៌ា លោក Tariq Ahmad បានធ្វើសេចក្តីថ្លែងការណ៍ខ្លីមួយ កាលពីថ្ងៃអង្គារ (ទី២៣ ខែមករា) នៅមុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីមជ្ឈិមបូព៌ា ដោយអំពាវនាវឲ្យមានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា និងបញ្ជាក់ឡើងវិញពីតម្រូវការសម្រាប់ដំណោះស្រាយរដ្ឋ២ របស់អ៊ីស្រាអែល និងប៉ាឡេស្ទីន។
លោក Ahmad បាននិយាយថា៖ «សន្តិភាពនៅតែជាវិធីតែមួយគត់ ដើម្បីបញ្ចប់សោកនាដកម្ម និងការរងទុក្ខវេទនារបស់មនុស្សជាតិនេះ ដែលបានរួបរឹតប្រជាជនអ៊ីស្រាអែល និងប៉ាឡេស្ទីនម្តងហើយម្តងទៀត»។ លោកបានបន្ថែមថា៖«យើងគូសបញ្ជាក់ម្តងទៀតនូវការគាំទ្ររបស់យើងចំពោះចក្ខុវិស័យ ដែលប្រែទៅជាការពិតនៃដំណោះស្រាយរដ្ឋ២ ហើយនោះនឹងក្លាយជាវិធីតែមួយគត់ ដែលយើងនឹងឃើញសន្តិភាពយូរអង្វែង នៅតំបន់មជ្ឈិមបូព៌ា»។
ឧបនាយករដ្ឋមន្ត្រីស្លូវេនី និងជារដ្ឋមន្ត្រីសម្រាប់កិច្ចការបរទេស និងអឺរ៉ុប លោកស្រី Tanja Fajon និងរដ្ឋមន្ត្រីការបរទេសន័រវ៉ែស លោក Espen Barth Eide ក៏បានបង្ហាញវត្តមាន នៅក្នុងសន្និសីទសារព័ត៌មាននេះដែរ ដោយសង្កត់ធ្ងន់លើតម្រូវការចាំបាច់សម្រាប់ «បទឈប់បាញ់បន្ទាន់»។ លោកស្រី Fajon បាននិយាយថា៖ «ដំណោះស្រាយយោធា មិនមែនជាចម្លើយនោះទេ។ សង្គ្រាមក៏មិនមែនដំណោះស្រាយដែរ»៕