ហុងកុង៖ អគ្គិភ័យដ៏ធំមួយបានឆេះបំផ្លាញទូកចំនួន ១៦គ្រឿងនៅក្នុងទីជម្រកស្នាក់នៅបណ្ដោះអាសន្ន អំឡុងព្យុះទីហ្វុងក្នុងទីក្រុងហុងកុងកាលពីព្រឹកថ្ងៃអាទិត្យ ដែលបណ្ដាលឲ្យទូកយ៉ាងហោចណាស់ ១០គ្រឿងលិច និងមនុស្សម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

អគ្គិភ័យបានឆាបឆេះឡើងនៅម៉ោងប្រហែល ២និង៣០នាទីព្រឹក នៅជម្រកសម្រាប់ទូកនេសាទបណ្ដោះអាសន្នអំឡុងព្យុះទីហ្វុង Aberdeen South ក្នុងទីក្រុងហុងកុង និងបានពន្លត់ដោយជោគជ័យរយៈពេលជាង ៦ម៉ោងក្រោយ។ យោងតាមសារព័ត៌មាន RTHK ក្រុមអ្នកពន្លត់អគ្គិភ័យបានជួយសង្គ្រោះមនុស្ស ៣៥នាក់ចេញពីទូកអំឡុងភ្លើងកំពុងឆាបឆេះ។ ពុំមានរបាយការណ៍ស្ដីពីមនុស្សរងរបួសទេ ទោះបីជាមានមនុស្សម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្រោះតែមានអាការៈមិនស្រួលខ្លួនក៏ដោយ។
យោងតាមវីដេអូចែករំលែកជាមួយសារព័ត៌មាន Reuters គេអាចលឺស៊ីទែនប្រេងផ្ទុះ ខណៈផ្សែងក្រាស់ហុយឡើងលើអាកាស។ យោងតាមសេចក្ដីថ្លែងការណ៍ឲ្យដឹងថា អង្គភាពសេវាពន្លត់អគ្គិភ័យបានប្រើទូកល្បាតចំនួន ១១គ្រឿង, យន្តហោះ ៨គ្រឿង និងអ្នកមុជទឹកចំនួន ៤ក្រុមដើម្បីពន្លត់អណ្ដាតភ្លើងនេះ។ គេនៅមិនទាន់ដឹងច្បាស់ភ្លាមៗនៅឡើយទេ ពីមូលហេតុនាំឲ្យមានអគ្គិភ័យនេះឡើយ៕
អត្ថបទ៖ សុខមាន