
សេវារថភ្លើងជាច្រើនត្រូវបានរំខាន នៅស្ថានីយ៍ Edinburgh Waverley នាថ្ងៃពុធ (ទី២៤ ខែមករា) នេះ បន្ទាប់ពីព្យុះ Jocelyn បានវាយប្រហារប្រទេសស្កុតឡែន។
ប្រតិបត្តិកររបស់ក្រុមហ៊ុនអយស្ម័យយាន ScotRail បានឲ្យដឹងនៅលើវេទិកាបណ្ដាញសង្គម X ថា សេវាកម្មរថភ្លើងជាច្រើនរបស់ប្រទេសស្កុតឡែនត្រូវបានផ្អាករហូតដល់ព្រឹកព្រលឹម ឬរសៀលថ្ងៃពុធនេះ ខណៈដែលបណ្តាញផ្លូវដែកស្កុតឡែនបានត្រួតពិនិត្យផ្លូវដែក ដើម្បីវាយតម្លៃការខូចខាត បន្ទាប់ពីមានព្យុះនេះ។
ព្យុះនេះបានកើតមានភ្លាមៗបន្ទាប់ពីព្យុះ Isha ដែលបានបោកបក់មកលើប្រទេសស្កុតឡែន ជាមួយនឹងល្បឿនខ្យល់ខ្លាំងជាង ៩០ម៉ាយល៍ក្នុងមួយម៉ោង (១៤៤គីឡូម៉ែត្រក្នុងមួយម៉ោង)។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ព្យុះ Jocelyn គឺជាព្យុះទី១០ នៃរដូវកាលនេះ ដែលបានវាយប្រហារចក្រភពអង់គ្លេស៕