ភ្នំពេញ៖ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមប្រជុំពិនិត្យការស្នើសុំបង្កើតស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើចំនួន ៧ទីតាំង ស្ថិតនៅក្នុងភូមិសាស្ត្រឃុំបឹងល្វា និងឃុំក្រលា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅទីស្តីការក្រសួងកសិកម្ម។
នៅក្នុងបណ្តាញសង្គម នៅព្រឹកថ្ងៃទី២៤ មករា ឆ្នាំ២០២៤នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹង ក្នុងអង្គប្រជុំនាឱកាសនោះ បានណែនាំឱ្យមានការសិក្សា និងពិនិត្យបែងចែកឱ្យបានច្បាស់លាស់ ត្រឹមត្រូវនូវតំបន់ព្រៃការពារគម្របព្រៃ ព្រៃសហគមន៍ និងទីតាំងស្ថានីយ។ ចំពោះទីតាំងស្ថានីយទាំង៧ ដែលស្នើនោះ ឯកឧត្តម តម្រូវឱ្យយកចិត្តទុកដាក់លើយន្តការគ្រប់គ្រងឱ្យមានប្រសិទ្ធភាព និងផ្តល់ប្រយោជន៍ដល់សង្គមជាតិពិតប្រាកដ។
យោងលិខិតលេខ១៤៥ សជណ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមឱ្យកែសម្រួលព្រំប្រទល់នៃរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ដែលកំណត់ដោយអនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ដោយធ្វើការកាត់ផ្ទៃដីទំហំជាង ២៨៤,០១៤ហិកតា ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគ្រប់គ្រងបន្ត ដែលក្នុងនោះផ្ទៃដីផ្នែកខាងលើក្នុងខេត្តកំពង់ធំ មានសរុបទំហំ ៤២,៦៨០ហិកតា៕ ដោយ ៖ បូរ៉ាវី







