ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ២៤មករា បានចោទប្រកាន់អ៊ុយក្រែនថាបានបាញ់ទម្លាក់យន្តហោះដឹកជញ្ជូនយោធាដែលដឹកអ្នកទោសអ៊ុយក្រែនរាប់សិបនាក់ ដើម្បីរដោះដូរឈ្លើយសឹក ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះ។
ទីក្រុង Kyiv បានបញ្ជាក់ថា ការដោះដូរអ្នកទោសនឹងកើតឡើងនៅថ្ងៃពុធ ប៉ុន្តែប៉ុន្មានម៉ោងបន្ទាប់ពីការធ្លាក់យន្តហោះបាននិយាយថា គេនៅតែពុំមានព័ត៌មានគួរឱ្យទុកចិត្តលើអ្នកដំណើរ ខណៈលោកប្រធានាធិបតី Volodymyr Zelenskyy បានអំពាវនាវឱ្យមានការស៊ើបអង្កេតអន្តរជាតិ។
វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីយន្តហោះដ៏ធំមួយនៅក្នុងតំបន់បេលក្រដ (Belgorod)ភាគខាងលិចរបស់ប្រទេសរុស្ស៊ី បានធ្លាក់មួយចំហៀងខ្លួន មុនពេលធ្លាក់ដល់ដីផ្ទុះឆេះ។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា យន្តហោះ IL-76 ដឹកទាហានអ៊ុយក្រែន ៦៥នាក់ ដែលត្រូវបានចាប់ខ្លួន នៅក្នុងការវាយលុករបស់រុស្ស៊ី រួមជាមួយអាវកាយយានិកចំនួន៦នាក់ និងអ្នកអមដំណើរ ៣នាក់។ ប្រយភពដដែលនេះបានអះអាងថា កងកម្លាំងអ៊ុយក្រែនដែលឈរជើងក្នុងតំបន់ព្រំដែន ខាកូវ(Kharkov)បានបាញ់មីស៊ីលចំនួនពីរគ្រាប់ទៅកាន់យន្តហោះដឹកជញ្ជូន ហើយបានពណ៌នាឧបទ្ទវហេតុនេះថាជា អំពើភេរវកម្ម។
ទីភ្នាក់ងារចារកម្មដ៏សំខាន់របស់ប្រទេសអ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បច្ចុប្បន្នយើងមិនមានព័ត៌មានដែលអាចទុកចិត្តបាន ឬទូលំទូលាយអំពីអ្នកដែលនៅលើយន្តហោះនោះ ឬ ចំនួនប៉ុន្មាននោះទេ។

លោក Zelenskyy នៅក្នុងសុន្ទរកថាល្ងាចមួយ ពុំបានបញ្ជាក់ ឬបដិសេធការចោទប្រកាន់របស់ទីក្រុងមូស្គូទេ ប៉ុន្តែបានសង្កត់ធ្ងន់ថា រុស្ស៊ីកំពុងលេងសើចជាមួយជីវិតអ្នកទោសអ៊ុយក្រែន និងអារម្មណ៍នៃសាច់ញាតិរបស់ពួកគេ ព្រមទាំងអារម្មណ៍នៃសង្គមរបស់យើង។
ជាមួយគ្នានោះដែរលោក Zelensky បានអំពាវនាវឱ្យមានការស៊ើបអង្កេតអន្តរជាតិ ហើយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានយល់ព្រមរៀបចំជំនួបមួយនៅថ្ងៃព្រហស្បតិ៍នៅម៉ោង ៥ ល្ងាច ម៉ោងសកល ដើម្បីពិភាក្សាអំពីការចោទប្រកាន់របស់ទីក្រុងមូស្គូទាក់ទងនឹងការធ្លាក់យន្តហោះនេះ៕