ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បានអំពាវនាវឱ្យមានភាពច្បាស់លាស់ទាំងស្រុងកាលពីថ្ងៃពុធ (២៤ មករា) អំពីស្ថានភាពនៃការធ្លាក់យន្តហោះរុស្ស៊ី នៅក្នុងតំបន់ព្រំដែនរុស្ស៊ី ហើយបានចោទប្រកាន់ទីក្រុងមូស្គូថា «កំពុងលេងសើចជាមួយជីវិតរបស់ឈ្លើយសឹកអ៊ុយក្រែន»។

លោក ហ៊្សេឡិនស្គី បាននិយាយនៅក្នុងការផ្សាយវីដេអូពេលយប់របស់ខ្លួនថា «វាច្បាស់ណាស់ថាជនជាតិរុស្ស៊ី កំពុងលេងសើចជាមួយជីវិតរបស់អ្នកទោសអ៊ុយក្រែន ហើយកំពុងលេងសើចនឹងអារម្មណ៍របស់មនុស្សជាទីស្រឡាញ់របស់ពួកគេ និងអារម្មណ៍នៃសង្គមរបស់យើង»។

ក្រុមមន្ត្រីរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែន ថាមានចេតនាបាញ់ទម្លាក់យន្តហោះដឹកជញ្ជូនយោធា Il-76 ហើយបាននិយាយថា យន្តហោះនោះកំពុងដឹកឈ្លើយសឹកអ៊ុយក្រែន ដែលចូលរួមក្នុងការដោះដូរអ្នកទោស នៅក្នុងឧបទ្ទវហេតុមួយដែលរុស្ស៊ីនិយាយថាបានសម្លាប់ឈ្លើយសឹកអ៊ុយក្រែន ៦៥នាក់ និងមនុស្ស ៩នាក់ផ្សេងទៀត។ វិមានក្រឹមឡាំងបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ខ្លួនកំពុងស៊ើបអង្កេតរបាយការណ៍អំពីបញ្ហានេះ៕
