ក្រុមមន្ត្រីបាននិយាយថា នាវាចុះចតរបស់កងទ័ពជើងទឹកអាមេរិក ហ្គាន់ស្តុន ហល់ (Gunston Hall) បានចាកចេញពីកំពង់ផែកាលពីថ្ងៃពុធ (២៤ មករា) ដើម្បីចាប់ផ្ដើមជំហានដំបូងសម្រាប់សមយុទ្ធដ៏ធំបំផុតរបស់អង្គការណាតូ ចាប់តាំងពីសង្គ្រាមត្រជាក់មក។

ទាហានប្រហែល ៩០.០០០នាក់ មកពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេសសម្ព័ន្ធមិត្តណាតូ នឹងត្រូវចូលរួមសមយុទ្ធអ្នកការពារដ៏រឹងមាំ ស្ទេដហ្វាស ឌីហ្វេនដឺ ២០២៤ (Steadfast Defender 2024) ដែលនឹងដំណើរការរហូតដល់ខែឧសភា។

នាវាជាង ៥០គ្រឿងរាប់ចាប់ពីនាវាផ្ទុកយន្តហោះរហូតដល់នាវាពិឃាត នឹងចូលរួមក្នុងសមយុទ្ធនេះ ក៏ដូចជាយន្តហោះចម្បាំងជាង ៨០គ្រឿង ឧទ្ធម្ភាគចក្រ និងយានដ្រូន ហើយយ៉ាងហោចណាស់រថយន្តប្រយុទ្ធសរុបចំនួន ១.១០០គ្រឿង រួមទាំងរថក្រោះ ១៣៣គ្រឿង និងរថយន្តប្រយុទ្ធថ្មើរជើងចំនួន ៥៣៣គ្រឿង។

សមយុទ្ធនេះនឹងហាត់សមឡើងវិញនូវការអនុវត្តផែនការថ្នាក់តំបន់របស់អង្គការណាតូ ដោយជាផែនការការពារដំបូងដែលសម្ព័ន្ធយោធានេះបានបង្កើតឡើងក្នុងរយៈពេលជាច្រើនទស្សវត្ស ដោយរៀបរាប់លម្អិតអំពីមធ្យោបាយដែលខ្លួននឹងឆ្លើយតបចំពោះការវាយប្រហាររបស់រុស្ស៊ី។
អង្គការណាតូ មិនបាននិយាយពីឈ្មោះរុស្ស៊ីក្នុងការប្រកាសរបស់ខ្លួនទេ ប៉ុន្តែឯកសារយុទ្ធសាស្ត្រកំពូលរបស់សម្ព័ន្ធយោធានេះកំណត់រុស្ស៊ីថាជាការគំរាមកំហែងដ៏សំខាន់ និងដោយផ្ទាល់បំផុតចំពោះសន្តិសុខរបស់សមាជិកណាតូ។
សមយុទ្ធនេះធ្វើឡើងនៅគ្រាដ៏សំខាន់មួយបន្ទាប់ពីការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន បានចាប់ផ្តើមសង្រ្គាមដ៏បង្ហូរឈាមបំផុតនៅលើទឹកដីអឺរ៉ុបក្នុងរយៈពេលជាង ៧០ឆ្នាំ៕