យោងតាមការសិក្សាថ្មីមួយ ប្រទេសកូរ៉េខាងជើងកំពុងអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) និងម៉ាស៊ីនបង្រៀនសម្រាប់អ្វីគ្រប់យ៉ាងពីវិធីឆ្លើយតបទៅនឹងវីរុសCOVID-19 និងការពាររ៉េអាក់ទ័រនុយក្លេអ៊ែររហូតដល់ការប្រដូចទៅនឹងការធ្វើសង្គ្រាមពិតៗ និងការឃ្លាំមើលរបស់រដ្ឋាភិបាល។

លោក យុគ គីម (Hyuk Kim) អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលការសិក្សាមិនស្វែងរកប្រាក់ចំណេញJames Martin (CNS) នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក បានសរសេរថា ទណ្ឌកម្មអន្តរជាតិដែលដាក់លើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន អាចនឹងរារាំងការប៉ុនប៉ងរបស់កូរ៉េខាងជើង ដើម្បីទទួលបានផ្នែករឹង AI (AI hardware)ប៉ុន្តែប្រទេសនេះទំនងជាកំពុងស្វែងរកបច្ចេកវិទ្យាចុងក្រោយបង្អស់។

លោក Kim បានសរសេរនៅក្នុងរបាយការណ៍នេះ ដែលដកស្រង់ព័ត៌មានប្រភពបើកចំហ រួមទាំងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងទិនានុប្បវត្តិ ហើយត្រូវបានបោះពុម្ពផ្សាយកាលពីថ្ងៃអង្គារដោយមជ្ឈមណ្ឌល38 North ថា ការខិតខំប្រឹងប្រែងនាពេលថ្មីៗនេះរបស់កូរ៉េខាងជើងក្នុងការអភិវឌ្ឍន៍ AI/ML បង្ហាញពីការវិនិយោគជាយុទ្ធសាស្រ្តដើម្បីជំរុញសេដ្ឋកិច្ចឌីជីថលរបស់ខ្លួន។
របាយការណ៍បានរកឃើញថា ក្រុមអ្នកស្រាវជ្រាវ AI របស់កូរ៉េខាងជើងមួយចំនួនបានសហការជាមួយក្រុមអ្នកប្រាជ្ញបរទេស រួមទាំងនៅក្នុងប្រទេសចិនផងដែរ។
ទីភ្នាក់ងារចារកម្មរបស់ទីក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានរកឃើញសញ្ញាដែលថាក្រុមអ្នកចូលលួចទិន្នន័យតាមអ៊ីនធឺណិត(Hacker)កូរ៉េខាងជើងបានប្រើប្រាស់ AI ជំនាន់ថ្មីដើម្បីស្វែងរកគោលដៅ និងស្វែងរកបច្ចេកវិទ្យាដែលត្រូវការសម្រាប់ការលួចចូល ទោះបីទំនងជាពួកគេមិនទាន់បានប្រើប្រាស់ នៅក្នុងការវាយប្រហារតាមអ៊ីនធឺណិតពិតប្រាកដក៏ដោយ។
របាយការណ៍នេះបាននិយាយថា ប្រទេសកូរ៉េខាងជើងបានបង្កើតវិទ្យាស្ថានស្រាវជ្រាវបញ្ញាសិប្បនិម្មិតកាលពីឆ្នាំ២០១៣ ហើយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះមានក្រុមហ៊ុនជាច្រើនបានផ្សព្វផ្សាយផលិតផលពាណិជ្ជកម្មដោយប្រើ AI៕