យោងតាមសេចក្តីថ្លែងការណ៍មួយ យោធាចិនបាននិយាយថា ខ្លួនបានរៀបចំកងទ័ពដើម្បីតាមដាន និងឃ្លាំមើលនាវាពិឃាតមួយគ្រឿងរបស់សហរដ្ឋអាមេរិក ដែលបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃពុធ ។

អ្នកនាំពាក្យរបស់ទីបញ្ជាការភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបាននិយាយថា នាវាពិឃាត អាមេរិក USS John Finn ឆ្លងកាត់ដោយចំហ តាមទំនើងចិត្ត នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃពុធ។

អ្នកនាំពាក្យបាននិយាយថា ថ្មីៗនេះ យោធាសហរដ្ឋអាមេរិកបានធ្វើសកម្មភាពញុះញង់ និងបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។ កងទ័ពនៅទីបញ្ជាការភាគខាងកើត មានការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា និងការពារអធិបតេយ្យភាពជាតិយ៉ាងម៉ឺងម៉ាត់។
កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានបើកនាវាចម្បាំងដំបូងរបស់ខ្លួនឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើបកាលពីថ្ងៃពុធបន្ទាប់ពីការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងសភានៅលើកោះនេះ ដែលទាក់ទាញការខឹងសម្បារពីទីក្រុងប៉េកាំង។

កងទ័ពជើងទឹកអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការឆ្លងកាត់របស់នាវាពិឃាត John Finn នៅច្រកសមុទ្រតៃវ៉ាន់ បង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់សេរីភាពនៃការធ្វើនាវាចរណ៍សម្រាប់ប្រជាជាតិទាំងអស់ជាគោលការណ៍ ។
ការឆ្លងកាត់ចុងក្រោយនេះបានកើតឡើងស្របពេលក្រុមមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក ធ្វើទស្សនកិច្ចនៅទីក្រុងតៃប៉ិ បង្ហាញការគាំទ្របន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី ១៣ ខែមករារបស់កោះនេះ៕