លោក ដូណាល់ ត្រាំ (Donald Trump) និងលោក ចូ បៃដិន (Joe Biden) បានវាយប្រហារគ្នាទៅវិញទៅមកកាលពីថ្ងៃពុធ (២៤ មករា) ខណៈដែលពួកគេរៀបចំត្រៀមសម្រាប់លទ្ធភាពនៃការតទល់គ្នាឡើងវិញក្នុងការបោះឆ្នោតសកលនៅខែវិច្ឆិកា បន្ទាប់ពីជ័យជម្នះរបស់លោក ត្រាំ ក្នុងការបោះឆ្នោតបឋមនៃបេក្ខភាពប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋនៅរដ្ឋ ញ៉ូវហែមស៊ៀ (New Hampshire) សហរដ្ឋអាមេរិក។

ជ័យជម្នះនោះបានធ្វើឱ្យការតែងតាំងជាបេក្ខជនតំណែងសេតវិមានរបស់លោក ត្រាំ ទំនងជាអាចទៅរួចកាន់តែខ្លាំងឡើង ទោះបីជាគូប្រជែងចុងក្រោយរបស់ខ្លួនគឺលោកស្រី នីកគី ហាលី (Nikki Haley) បានប្តេជ្ញាបន្តទៅមុខនៅក្នុងការប្រជែងនេះក៏ដោយ។
ការឈ្នះឆ្នោតក្នុងការប្រជែងជ្រើសរើសបេក្ខភាពរបស់អតីតប្រធានាធិបតីបក្សសាធារណរដ្ឋ លោក ត្រាំ បានធ្វើឲ្យលោកដើរលើផ្លូវដែលស្ទើរតែជាក់លាក់មួយឆ្ពោះទៅរកការប្រកួតប្រជែងក្នុងការបោះឆ្នោតសកលជាមួយប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក បៃដិន។

យុទ្ធនាការបោះឆ្នោតឡើងវិញរបស់លោក បៃដិន បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា «ឥឡូវនេះច្បាស់ណាស់ថា លោក ដូណាល់ ត្រាំ នឹងក្លាយជាបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ» ហើយបានចេញការព្រមានម្តងហើយម្តងទៀតថា អតីតប្រធានាធិបតីរូបនេះគឺជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ។

លោក ត្រាំ បានបង្ហោះលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ទ្រូស សូសល់ (Truth Social) របស់ខ្លួនដោយនិយាយឡើងវិញនូវការចោទប្រកាន់ដែលគ្មានមូលដ្ឋានថាលោក បៃដិន និងក្រសួងយុត្តិធម៌ បានជាប់ពាក់ព័ន្ធក្នុងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ បន្ទាប់ពីការចោទប្រកាន់ពីបទឧក្រិដ្ឋជាច្រើនករណីទៅលើលោក ត្រាំ កាលពីឆ្នាំមុន៕