ប្រទេសកូរ៉េខាងជើងបានអះអាងថា ខ្លួនបានបាញ់សាកល្បងមីស៊ីលតម្រង់គោលដៅជំនាន់ថ្មីជាលើកដំបូង ខណៈនៅតែបន្តពង្រីកសមត្ថភាពយោធារបស់ខ្លួន។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការមជ្ឈិមកូរ៉េ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី២៥មករា នេះ ថា មីស៊ីលឈ្មោះ Pulhwasal-3-31 នៅតែស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍របស់ខ្លួន ហើយបានហៅមីស៊ីលនេះថាជាយុទ្ធសាស្ត្រ ដែលបង្ហាញពីចេតនាបំពាក់អាវុធនុយក្លេអ៊ែរ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ពុំបានបញ្ជាក់ពីចំនួនមីស៊ីលដែលត្រូវបានបាញ់នោះទេ។
ប្រភពដដែលបាននិយាយថា ការបាញ់សាកល្បងនេះ ពុំមានផលប៉ះពាល់ដល់សន្តិសុខនៃប្រទេសជិតខាងទេ ហើយមិនមានជាប់ទាក់ទងនឹងស្ថានភាពក្នុងតំបន់ដែរ។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយកាលពីព្រឹកថ្ងៃពុធថា ខ្លួនបានតាមដានការបាញ់ មីស៊ីលជាច្រើនគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសកូរ៉េខាងជើង។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បាននិយាយថា ខ្លួនកំពុងវិភាគលើការបាញ់ដែលធ្វើឡើងបន្ទាប់ពីការសាកល្បងកាលពីថ្ងៃទី ១៩ ខែមករា នៃយានដ្រូនវាយប្រហារក្រោមទឹកដែលមានសមត្ថភាពបំពាក់អាវុធនុយក្លេអ៊ែរ និងការបាញ់សាកល្បងមីស៊ីលអន្តទ្វីបរយៈចម្ងាយមធ្យមប្រើឥន្ធនៈរឹងដំបូងរបស់ទីក្រុងព្យុងយ៉ាងកាលពី៥ថ្ងៃមុន។
នៅថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងត្បូងបាននិយាយថាខ្លួនគិតថាការបាញ់នេះគឺជាការសាកល្បងការដំឡើងកម្រិតសមត្ថភាពមីស៊ីលដែលមានស្រាប់។
គួររម្លឹកថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាយុទ្ធសាស្ត្រលើកដំបូងរបស់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២១៕