ក្រុមមន្ត្រីបាននិយាយថា មនុស្សជាង ៧០នាក់ បានស្លាប់នៅភាគនិរតីប្រទេសម៉ាលី បន្ទាប់ពីអណ្តូងរ៉ែមាសសិប្បករមួយបានដួលរលំកាលពីសប្តាហ៍មុន ដែលជាគ្រោះមហន្តរាយចុងក្រោយបង្អស់នៅក្នុងតំបន់ដែលងាយនឹងមានគ្រោះថ្នាក់ក្នុងការជីកយករ៉ែ។

លោក ខារីម បេត (Karim Bethe) មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានភូគព្ភសាស្ត្រ និងរ៉ែជាតិ បានចែករំលែកព័ត៌មានលម្អិតជាមួយសារព័ត៌មាន AP កាលពីថ្ងៃពុធ (២៤ មករា) ដោយហៅហេតុការណ៍នេះថាជាឧបទ្ទវហេតុ។

លោក អូម៉ា ស៊ីឌីប (Oumar Sidibe) មន្ត្រីសម្រាប់កម្មកររ៉ែមាសនៅភាគនិរតីនៃទីក្រុង ខានហ្គាបា (Kangaba) និងជាទីប្រឹក្សាមូលដ្ឋាន បានបញ្ជាក់ពីចំនួនអ្នកស្លាប់នេះទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AFP ។

ក្រសួងធនធានរ៉ែបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ថាខ្លួនបានប៉ាន់ប្រមាណថាអ្នករុករករ៉ែ «ជាច្រើននាក់» ត្រូវបានសម្លាប់នៅស្រុក ខានហ្គាបា (Kangaba) ក្នុងតំបន់ គួលីកូរូ (Koulikoro) ភាគនិរតី នៃប្រទេស ប៉ុន្តែគេមិនច្បាស់ទេថាមូលហេតុអ្វីដែលបណ្តាលឱ្យមានហេតុការណ៍ដួលរលំអណ្តូងរ៉ែ ដែលបានកើតឡើងកាលពីថ្ងៃសុក្រមួយនេះ៕