អ្នកនាំពាក្យរបស់លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ម៉ូហាមេដ សៀអាល់ស៊ូដានី (Mohammed Shia al-Sudani) បាននិយាយកាលពីថ្ងៃពុធ (២៤ មករា) ថាការវាយប្រហារពេញមួយយប់របស់សហរដ្ឋអាមេរិក ទៅលើក្រុមសកម្មប្រយុទ្ធអ៊ីរ៉ាក់ ដែលជាផ្នែកមួយនៃកងកម្លាំងសន្តិសុខផ្លូវការរបស់ប្រទេសនេះ បានបង្ហាញពី «ការប្តេជ្ញាចិត្តច្បាស់លាស់ក្នុងការធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពនៅក្នុងប្រទេសអ៊ីរ៉ាក់»។

អ្នកនាំពាក្យរូបនោះបាននិយាយនៅក្នុងការរិះគន់ និងថ្កោលទោសដ៏ធ្ងន់ធ្ងរបំផុតរបស់អាមេរិក ដោយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ថា «ទង្វើដែលមិនអាចទទួលយកបាននេះធ្វើឱ្យខូចដល់កិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំ រំលោភលើអធិបតេយ្យភាពរបស់អ៊ីរ៉ាក់យ៉ាងព្រៃផ្សៃ និងរួមចំណែកដល់ការកើនឡើងនៃជម្លោះដែលមិនមានភាពទទួលខុសត្រូវរបស់សហរដ្ឋអាមេរិក»។

អ៊ីរ៉ាក់ ដែលជាសម្ព័ន្ធមិត្តដ៏កម្ររបស់ទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន និងមានទាហានអាមេរិកចំនួន ២.៥០០នាក់ ហើយមានកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ ដែលមានទំនាក់ទំនងជាមួយកងកម្លាំងសន្តិសុខរបស់ខ្លួន បានមើលឃើញការវាយប្រហារកាន់តែខ្លាំងឡើងចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសបានផ្ទុះឡើងក្នុងខែតុលា មក។

ទាហានអាមេរិកនៅអ៊ីរ៉ាក់ និងស៊ីរីត្រូវបានវាយប្រហារប្រហែល ១៥០ដង ដោយក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល និងហ្កាហ្សា បានចាប់ផ្តើម ដោយបង្កើតសម្ពាធលើលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ឱ្យឆ្លើយតបផ្នែកយោធា ទោះបីជាមានភាពរសើបផ្នែកនយោបាយនៅក្នុងទីក្រុងបាកដាដក៏ដោយ៕