ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៣៩នាក់បានស្លាប់ កាលពីថ្ងៃពុធ បន្ទាប់ពីអគ្គីភ័យបានឆាបឆេះហាងមួយកន្លែងនៅក្នុងខេត្ត Jiangxi ប្រទេសចិនភាគកណ្តាល។

ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា នៅម៉ោង ៣:២៤នាទីរសៀល ថ្ងៃទី ២៤ ខែមករា អគ្គីភ័យបានឆាបឆេះនៅជាន់ខាងក្រោមដីនៅហាងក្នុងនៅទីក្រុង Xinyu ខេត្ត Jiangxi។ រហូតមកដល់ពេលនេះ ឧបទ្ទវហេតុ បានបណ្តាលឲ្យមនុស្សស្លាប់ ៣៩នាក់ របួសមនុស្ស ៩នាក់ និងមនុស្សមួយចំនួនទៀតនៅតែជាប់ខ្លួន។

របាយការណ៍ពុំបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នៃអគ្គិភ័យនេះទេ ឬចំនួនមនុស្សប៉ុន្មាននាក់កំពុងនៅក្នុងគ្រោះថ្នាក់។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវឱ្យមាន ការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ ចំពោះឧបទ្ទវហេតុបណ្តាលឲ្យមានមនុស្សស្លាប់នៅក្នុងប្រទេសចិន។
វីដេអូដែលចេញផ្សាយដោយ CCTV នៅកន្លែងកើតហេតុ បានបង្ហាញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង និងរថយន្តសង្គ្រោះបន្ទាន់ បានតម្រៀបជួរពេញលើដងផ្លូវអាជីវកម្មជាច្រើន។
សេចក្តីថ្លែងការណ៍បាននិយាយថា នាពេលបច្ចុប្បន្ននេះ ការងារស្វែងរុក និងជួយសង្គ្រោះ នៅកន្លែងកើតហេតុនៅបន្ត ហើយមូលហេតុនៃឧបទ្ទវហេតុកំពុងត្រូវបានស៊ើបអង្កេត។ វីដេអូពីកន្លែងកើតហេតុ បានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយព័ត៌មានគ្រប់គ្រងដោយរដ្ឋាភិបាល ដែលបង្ហាញពីពពកផ្សែងខ្មួលខ្មាញ់ហុយឡើងលើអាកាស។
អគ្គីភ័យ និងឧបទ្ទវហេតុ បណ្តាលឲ្យមានមនុស្សស្លាប់ផ្សេងទៀត គឺជារឿងធម្មតានៅក្នុងប្រទេសចិន ដោយសារតែស្តង់ដារសុវត្ថិភាពធូររលុង និងការអនុវត្តបទប្បញ្ញត្តិមិនល្អប្រសើរ។