សហជីពធំបំផុតរបស់ប្រទេសអាហ្សង់ទីន បានចាប់ផ្តើមធ្វើកូដកម្មរយៈពេល ១២ ម៉ោងកាលពីថ្ងៃពុធ ជាមួយកម្មកររាប់ម៉ឺននាក់ ធ្វើបាតុកម្មនៅកណ្តាលទីក្រុង Buenos Aires ប្រឆាំងវិធានការរឹតត្បិតថវិកាតឹងរ៉ឹងផ្នែកសេដ្ឋកិច្ច និងកំណែទម្រង់ ធ្វើឡើងដោយប្រធានាធិបតីសេរីនិយមថ្មី លោក Javier Milei ។

កម្មករជាច្រើន បានមកប្រមូលផ្ដុំគ្នានៅទីលាន Congress Plaza ខណៈអ្នកធ្វើកូដកម្មភាគច្រើន បានជ្រើសរើសការទៅប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៅក្បែរៗនោះ។
សកម្មភាពនេះ កំពុងធ្វើឲ្យប៉ះពាល់ដល់វិស័យនានា ចាប់ពីការដឹកជញ្ជូនរហូតដល់វិស័យធនាគារ គឺជាការបង្ហាញដ៏ធំបំផុតនៃការប្រឆាំងទៅនឹងផែនការរបស់ លោក Milei សម្រាប់ការកាត់បន្ថយការចំណាយ និងការធ្វើឯកជនភាវូបនីយកម្ម ចាប់តាំងពីលោកបានចូលកាន់តំណែងកាលពីខែមុន ដោយសន្យាថា នឹងជួសជុលសេដ្ឋកិច្ចដែលធ្លាក់ចុះពីអតិផរណា ២១១ភាគរយ និងបំណុលដែលជាប់គាំង។

កូដកម្មនេះ ត្រូវបានសម្របសម្រួលដោយសហជីពឆ័ត្រដ៏មានឥទ្ធិពលរបស់សហព័ន្ធការងារទូទៅ (CGT) ហើយកើតឡើងក្នុងពេលមានការពិនិត្យយ៉ាងសំខាន់នៃការជំរុញកំណែទម្រង់ធំៗចំនួនពីររបស់លោក Milei ។ ប៉ុន្តែទោះបីជាកូដកម្ម ដែលបានចាប់ផ្តើមនៅពេលថ្ងៃត្រង់ម៉ោងក្នុងស្រុក ដែលបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការដឹកជញ្ជូន ធនាគារ មន្ទីរពេទ្យ និងសេវាសាធារណៈក៏ដោយ រដ្ឋាភិបាលរបស់លោក Milei បានប្តេជ្ញាប្រកាន់ខ្ជាប់នូវផែនការកំណែទម្រង់របស់ខ្លួន។
រដ្ឋាភិបាលថ្មីនិយាយថា វិធានការរឹតត្បិតថវិកា គឺត្រូវការជាចាំបាច់ បន្ទាប់ពីការចំណាយច្រើនហួសប្រមាណជាច្រើនឆ្នាំ ដែលបានធ្វើឱ្យប្រទេសអាហ្សង់ទីន មានបំណុលយ៉ាងច្រើនចំពោះម្ចាស់បំណុលក្នុងស្រុក និងអន្តរជាតិ រួមទាំងកិច្ចព្រមព្រៀងដ៏រង្គោះរង្គើចំនួន ៤៤ពាន់លានដុល្លារ ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)។