ក្រុមអ្នកស្រាវជ្រាវអន្តរជាតិមួយក្រុម និយាយថា បម្រែបម្រួលអាកាសធាតុ គឺជាកត្តាចម្បងនៅពីក្រោយគ្រោះរាំងស្ងួតខុសប្លែកពីធម្មតាកាលពីឆ្នាំមុន នៅអាងទន្លេអាម៉ាហ្សូន។

គ្រោះរាំងស្ងួតនេះ ត្រូវបានគេនិយាយថា ធ្ងន់ធ្ងរបំផុតក្នុងកំណត់ត្រាសម្រាប់អាងទន្លេអាម៉ាហ្សូន។ វាបានធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ជីវិតរស់នៅរបស់មនុស្ស ជាពិសេសអ្នកដែលធ្វើការក្នុងឧស្សាហកម្មនេសាទ និងទេសចរណ៍។

អង្គការអាកាសធាតុពិភពលោក (World Weather Attribution) កាលពីថ្ងៃពុធ បានចេញផ្សាយការវិភាគរបស់ខ្លួន អំពីទំនាក់ទំនងរវាងគ្រោះរាំងស្ងួត និងបម្រែបម្រួលអាកាសធាតុ។ អ្នកស្រាវជ្រាវ បានសិក្សាពីការថយចុះនៃកម្រិតទឹកភ្លៀងក្នុងតំបន់ ចាប់ពីខែមិថុនា ដល់ខែវិច្ឆិកា ឆ្នាំមុន។
ពួកគេបានរកឃើញថា បរិមាណទឹកភ្លៀងដែលបានកាត់បន្ថយដោយបម្រែបម្រួលអាកាសធាតុ និងបាតុភូតអែលនីញ៉ូ( El Nino) គឺប្រហែលដូចគ្នា។
ម៉្យាងវិញទៀត ពួកគេបានសន្និដ្ឋានថា សីតុណ្ហភាពពិភពលោកកើនឡើងកាន់តែខ្ពស់ បានបង្កើនការរំហួតដី និងបរិមាណទឹក ដែលបញ្ចេញដោយរុក្ខជាតិ។ ពួកគេនិយាយថា បញ្ហានេះ ធ្វើឲ្យកាន់តែធ្ងន់ធ្ងរដល់ផលប៉ះពាល់នៃគ្រោះរាំងស្ងួត។
ក្រុមអ្នកស្រាវជ្រាវនិយាយថា លុះត្រាតែពិភពលោកបញ្ឈប់ការដុតឥន្ធនៈហ្វូស៊ីល និងការកាប់បំផ្លាញព្រៃឈើជាបន្ទាន់ ដែលព្រឹត្តិការណ៍ទាំងនេះ នឹងកាន់តែក្លាយជារឿងធម្មតាទៅថ្ងៃអនាគត។