ក្រសួងសុខាភិបាលក្នុងតំបន់រងការឡោមព័ទ្ធហ្កាហ្សាបាននិយាយកាលពីថ្ងៃពុធថា ចំនួនពលរដ្ឋប៉ាឡេស្ទីនដែលបានស្លាប់នៅតំបន់ហ្កាហ្សា ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីថ្ងៃទី៧ខែតុលា មក បានកើនឡើងដល់យ៉ាងហោចណាស់២៥.៧០០នាក់ ។

ក្រសួងនេះបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាមនុស្សចំនួន៦៣.៧៤០នាក់បានរងរបួស។
សេចក្ដីថ្លែងការណ៍នេះបាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានប្រព្រឹត្តការសម្លាប់រង្គាល២៤ទីតាំងនៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប កាលពី ២៤ម៉ោងមុន ដោយបានសម្លាប់មនុស្ស២១០នាក់ និង៣៨៦នាក់រងរបួស ។ មនុស្សជាច្រើននៅតែជាប់ក្រោមគំនរកម្ទេចថ្មនិងនៅតាមផ្លូវនានា ហើយក្រុមអ្នកសង្រ្គោះមិនអាចទៅដល់។

ពលរដ្ឋហ្កាហ្សាប្រហែល៨៥% បានភៀសខ្លួនចេញពីលំនៅឋាន ខណៈពួកគេប្រឈមនឹងកង្វះស្បៀងអាហារ ហើយប្រព័ន្ធសុខភាពកំពុងដួលរលំ ។ មនុស្សរាប់ម៉ឺននាក់គ្មានទីជម្រក និងរថយន្តដឹកជញ្ជួនជំនួយមិនដល់ពាក់កណ្ដាល ផង កំពុងចូលទៅក្នុងតំបន់ហ្កាហ្សា មុនពេលមានសង្គ្រាមចាប់ផ្ដើម
ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ប្រជាជនហ្កាហ្សាមិនត្រឹមតែប្រឈមគ្រោះថ្នាក់នៃការកាប់សម្លាប់ ឬ របួសដោយសារតែការទម្លាក់គ្រាប់បែកឥតឈប់ឈរ ប៉ុណ្ណោះទេ ថែមទាំងជួបប្រទះការកើនឡើងជំងឺឆ្លងទៀតផង ៕