នៅថ្ងៃទី២៥ខែមករានេះ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលបញ្ជូនកម្លាំងរក្សាសន្តិភាព បានអញ្ជើញប្រគល់ថវិកាសំណង ពីអង្គការសហប្រជាជាតិ UN និងសំណេះសំណេះជាមួយកងកម្លាំងពហុជំនាញលេខ ៨៣៨ ត្រៀមប្តូរវេនទៅប្រទេសលីបង់។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា សោភា មានថ្លែងថា បច្ចុប្បន្នកម្ពុជា កំពុងឈរក្នុងលំដាប់ថ្នាក់នាំមុខគេ នៅក្នុងតំបន់ និងលើពិភពលោក លើការងារបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសកំពុងមានជម្លោះសង្គ្រាម ហើយឯកឧត្តម ក៏បានស្នើសុំកងកម្លាំងត្រៀមប្តូរវេនទៅប្រទេសលីបង់នៅក្នុងខែកុម្ភៈនេះ ត្រូវបានរួមគ្នា គោរពវិន័យ គោលការណ៍ច្បាប់អង្គការសហប្រជាជាតិ និងធ្វើជាតំណាងដ៏ល្អបំផុតជូនប្រទេសកម្ពុជា ។

នៅក្នុងឱកាសនេះឯកឧត្តម សុខ ចិន្តាសោភា ក៏បានសម្តែងការសោកស្តាយចំពោះកន្លងមក យុទ្ធជនទ័ពមួកខៀវកម្ពុជា ចំនួន ១១ រូបបានពលី និងរបួស ១៥ រូប ក្នុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិតាំងពីឆ្នាំ២០០៦ មក ហើយនៅថ្ងៃនេះ គឺមានយុទ្ធជនទ័ពមួកខៀវកម្ពុជាមា្នក់ពលី នៅប្រទេសម៉ាលី និងទ័ពមួកខៀវម្នាក់របួសពិការនៅប្រទេសលីបង់ត្រូវបានអង្គការសហប្រជាជាតិ ប្រគល់សំណងថវិកាជូននៅថ្ងៃនេះផងដែរ។

តាមការបញ្ជាក់ពីនាយឧត្តមសេនីយ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពថ្លែងថា ចំពោះការប្រគល់សំណងជូនគ្រួសារទ័ពមួកខៀវនៅក្នុងថ្ងៃនេះផងដែរ សម្រាប់គ្រួសារទ័ពមួកខៀវពលីម្នាក់ គឺបានទទួលថវិកាសំណងពីអង្គការសហប្រជាជាតិក្នុងម្នាក់ថវិកាជិត ៧៧០០០ ដុល្លារអាមេរិក ហើយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាជូនប្រមាណ ១ម៉ឺនដុល្លារអាមេរិកបន្ថែមផងដែរ។ ដោយឡែក សម្រាប់គ្រួសាររងរបួសពិកាវិញ គឺបានទទួលថវិកាសំណងពី UN ប្រមាណជាង ៧៣០០០ម៉ឺនដុល្លារអាមេរិក ហើយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាបានឧបត្ថម្ភជូន ៥ម៉ឺនដុល្លារអាមេរិចទៀត។

សូមជម្រាបថា តាំងពីឆ្នាំ២០០៦រហូតមកដល់ឆ្នាំ២០២៤នេះ កម្ពុជាមានកម្លាំងធ្លាប់បានទៅបំពេញបេសកកម្មរក្សាសន្តិភាពចំនួនជាង ៩២៨១ នាក់ នារី៧៦៣នាក់ នៅតាមបណ្តាប្រទេសចំនួន១០ហើយ កម្ពុជា បច្ចុប្បន្នមានទ័ពមួកខៀវចំនួន ៦៤០នាក់ នារី១១៥នាក់ កំពុងឈរជើងបំពេញបេសកកម្មរក្សាសន្តិភាពអង្គការប្រជាជាតិនៅតាមប្រទេសរួមមានៈប្រទេសលីបង់ ស៊ូដង់ខាងត្បូង និងសាធារណរដ្ឋអាហ្វ្រឹកកណ្តាល៕ អត្ថបទ៖ ស៊ុម សុខជា


